(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ សាលាខណ្ឌបឹងកេងកង បានរៀបចំធ្វើពិធីជួបសំណេះសំណាលជាមួយមន្រ្តី នៃរដ្ឋបាលខណ្ឌបឹងកេងកង ដែលបំពេញការងារជូនរដ្ឋបាលខណ្ឌ ក៏ដូចជារដ្ឋបាលរាជធានីផងដែរ។

ពិធីនេះ ស្ថិតក្រោមអធិបតីភាពលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និងលោក-លោកស្រី ជាអភិបាលរងខណ្ឌ ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីក្រោមឱវាទ នៃរដ្ឋបាលខណ្ឌ។

នាឱកាសនោះ លោក ធឹម សំអាន បានថ្លែងកោតសរសើរដល់មន្រ្តីគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំរួមដៃគ្នា បំពេញការងារ តាមផ្នែក តាមជំនាញរៀងៗខ្លួន ដោយមិនគិតពីការនឿយហត់ ក្នុងការបំពេញការងាររដ្ឋបាលខណ្ឌ ក៏ដូចបម្រើសេវាជូនដល់បងប្អូនប្រជាពលរដ្ឋ បានល្អប្រសើរ ខណៈពពួកគាត់មកទំនាក់ទំនងការងារ នៅរដ្ឋបាលខណ្ឌ តាមតម្រូវការពួកគាត់។ ដូចនេះ លោកអភិបាលខណ្ឌ ស្នើដល់មន្រ្តីរដ្ឋបាលខណ្ឌទាំងអស់ អោយបន្តការងារជំនាញរៀងៗខ្លួន ក្នុងការបំពេញការងារជូនដល់បងប្អូនប្រជាពលរដ្ឋពេលគាត់មកទំនាក់ទំនងការងារចាំបាច់ផ្សេងៗ តាមតម្រូវការពួកគាត់។

អភិបាលខណ្ឌបឹងកេងកង ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួន ជូនដល់មន្រ្តីក្រោមឱវាទ ទុកជាការលើកទឹកចិត្ត ក្នុងការបំពេញការងារ បម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ៕