(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា នៅថ្ងៃចន្ទនេះ បានសម្រេចបែងចែក តំបន់ឆ្នេរសមុទ្រកម្ពុជាជា៣ប្រភេទ ដើម្បីងាយស្រួលនៅក្នុងការរៀបចំសណ្តាប់ធ្នាប់ និងការគ្រប់គ្រង។ នេះបើតាម សេចក្តីសម្រេចនៅក្នុងកិច្ចប្រជុំ ដើម្បីគ្រប់គ្រង និងអភិវឌ្ឍន៌តំបន់ឆេ្នរសមុទ្រខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ ដឹកនាំដោយ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ដែលជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិគ្រប់គ្រង និងអភិវឌ្ឍ​តំបន់ឆ្នេរសមុទ្រកម្ពុជា។

តាមសេចក្តីសម្រេច របស់អង្គប្រជុំ បានបែងចែកឆ្នេរសមុទ្រកម្ពុជា ជា៣រួមមាន៖ ទី១/ ឆ្នេរសមុទ្រសាធារណរបស់រដ្ឋ , ទី២/ ឆ្នេរសាធារណៈរបស់រដ្ឋ ដោយមានការចូលរួមពីវិស័យឯកជន និងទី៣/ ឆ្នេរកំសាន្តសាធារណរបស់រដ្ឋ បែបប្រណិត ។

លោក នី ផល្លី អគ្គលេខាធិការរងគណកម្មាធិការជាតិ គ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានឲ្យដឹងថា ក្រៅពីការពិភាក្សានិងកំណត់តំបន់ឆ្នេរ សមុទ្រគណៈកម្មាធិការ ក៏បានពិភាក្សា​អំពីការរៀបចំកែលម្អរតំបន់ឆ្នេរ ឲ្យស្របតាមស្តង់ដាបទដ្ឋានគតិយុត្តិ និងការវាយតម្លៃឆ្នេររបស់យើង ដើម្បីឲ្យក្លាយទៅជាឆ្នេរស្អាតមានសូចនករ រួមទាំងការកំណត់យន្តការនៃការគ្រប់គ្រង ។

លោក នី ផល្លា ក៏បានបញ្ជាក់ឲ្យដឹងដែរថា កិច្ចពិភាក្សានោះក៏បានកំណត់នូវការរៀបចំក្ខោងទ្វារ សម្រាប់ចូលកំសាន្ត នៅឆ្នេរនីមួយៗ ដោយមានដាក់ឈ្មោះ ដើម្បីឲ្យសាធារណជនក៏ដូចជាទេសចរណ៍ ស្គាល់ឈ្មោះ របស់ឆ្នេរកំសាន្ត នីមួយៗ ។ ទន្ទឹមនោះក៏បានពិភាក្សានូវការរៀបចំសំណង់តូប នៅតាមតំបន់ឆ្នេរផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំព្រឹកមិញ បានពិភាក្សាលើបញ្ហាចំនួន៥ រួមមាន៖ ១/បើករបងបាំងខឿនខាន់ព្រំដី តូបដែលលយចូលឆេ្នរសមុទ្រខុសពីការកំណត់ ២/បើកច្រកធើ្វខ្លោងច្រកចូល ដោយដាក់​ឈោ្មះ (ឆេ្នរឯករាជ្យ ឆេ្នរអូរឈើទាល ឆេ្នរអូតេ្រះ...) ដើម្បីឲ្យកូនខែ្មរសា្គល់ និងទេសចរណ៍ ព្រោះកន្លងមកចេះតែហៅឈ្មោះក្រុមហ៊ុនបរទេស, ដើរត្រង់មិនបាន ព្រោះទើសតូប និងមើលមិន​ឃើញ​សម្រស់ និងលំហសមុទ្រ ៣/សម្រាប់ខ្លោងច្រកចូល សូមអំពាវនាវសប្បុរសជនចូលរួម ដោយអនុញាតឲ្យដាក់ឈោ្មះ តែមិនទទួលក្រុមហ៊ុនផ្សាយបារី ឬ គ្រឿងស្រវឹង ៤/អភិវឌ្ឍន៍តំបន់បៃតង និងបម្រែបម្រួលអាកាសធាតុ និង៥/.លើកកម្ពស់ជីវភាពប្រជាជន និងបង្កើតការងារជូនយុវជន។

លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានថ្លែងថា សម្រាប់ការសាងសង់តូបកំសាន្ត និងខ្លោងទ្វារឆ្នេរទាំងអស់ នឹងមិនប្រើប្រាស់ថវិការបស់រដ្ឋនោះទេ គឺធ្វើឡើងតាមរយៈការអំពាវនាវសប្បុរសជនជួយសាងសង់ជំនួសវិញ៕