(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្វលីធី តេក្សស្ទីល ខូអែលធីឌី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្ដីបំភ្លឺមួយបញ្ជាក់ថា ថៅកែក្រុមហ៊ុនរបស់ខ្លួន មិនពាក់ព័ន្ធជាមួយថៅកែក្រុមហ៊ុន ឃេនធើរេន អឹភែរឹល (ខេមបូឌា) នោះ។

ការចេញសេចក្ដីបំភ្លឺនេះ ធ្វើឡើងក្រោយកម្មករនិយោជិតនៃក្រុមហ៊ុន សែនធើរេន អឹភែរឹល (ខេមបូឌា) បានប្រមូលផ្តុំគ្នានៅខាងមុខក្រុមហ៊ុន ខ្វលីធី តេក្សស្ទីល ខូ អែលធីឌី ដែលមានទីតាំងស្ថិតនៅអគារលេខ២២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបានធ្វើសកម្មភាពបិទច្រកផ្លូវចេញចូលរបស់ក្រុមហ៊ុន ខ្វលីធី តេក្សស្ទីល ខូអែលធីឌី ដោយទាមទារឱ្យក្រុមហ៊ុន ខ្វលីធី តេក្សស្ទីល ខូអែលធីឌី ចេញមុខទទួលខុសត្រូវចំពោះ ការទូទាត់ប្រាក់អតីតភាពការងារ និងប្រាក់បំណាច់ផ្សេងៗរបស់ពួកគាត់ ដោយពួកគាត់អះអាងថាថៅកែក្រុមហ៊ុន ឃេនធើរេន អឹភែរឹល (ខេមបូឌា) និងថៅកែក្រុមហ៊ុន ខ្វលីធី តេក្សស្ទីល ខូ អែលធីឌី ជាបុគ្គលតែមួយ។

ប៉ុន្តែតាមការពិតថៅកែក្រុមហ៊ុន សែនធើរេន អឹភែរឹល (ខេមបូឌា) និងថៅកែក្រុមហ៊ុន ខ្វលីធី តេក្សស្ទីល ខូ អែលធីឌី គឺជាបុគ្គលផ្សេងគ្នា។ ពោលគឺក្រុមហ៊ុន ខ្វលីធី តេក្សស្ទីល ខូអែលធីឌី មិនជាប់ទាក់ទងគ្នាជាមួយនឹងក្រុមហ៊ុន សែនធើរេន អឹភែរឹល (ខេមបូឌា) ទាល់តែសោះ។

ការទាមទាររបស់កម្មករនិយោជិតនៃក្រុមហ៊ុន ឃនធើរេន អឹភែរឹល (ខេមបូឌា) ឲ្យក្រុមហ៊ុន ខ្វលីធី តេក្យស្ទីល ខូ អែលធីឌី ទទួលខុសត្រូវចំពោះការទូទាត់ប្រាក់អតីតភាពការងារនិងប្រាក់បំណាច់ផ្សេងៗ របស់ពួកគាត់ គឺជាការទាមទារខុសច្បាប់ទាំងស្រុង ដោយហេតុថា ក្រុមហ៊ុនទាំងពីរមានម្ចាស់ភាគហ៊ុនផ្សេងគ្នា និងមានលក្ខន្តិកៈរបស់ក្រុមហ៊ុនដាច់ដោយឡែកពីគ្នា។ ពោលគឺក្រុមហ៊ុន ខ្វលីធី តេក្សស្ទីល ខូ អែលធីឌី មាននីតិបុគ្គលិកលក្ខណៈដាច់ដោយឡែកពីក្រុមហ៊ុន ឃនធើរេន អឹភែរឹល (ខេមបូឌា) ទាំងស្រុង៕