(កំពង់ធំ)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបារាយណ៍ ខេត្តកំពង់ធំ បានប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា នៅឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ដោយបានរំឭកពីសោកនាដកម្មក្នុងរបបខ្មែរក្រហម និងបានសម្ដែងការដឹងគុណចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រជាជនពីបនប្រល័យពូជសាសន៍ដ៏ខ្មៅងងឹតនោះ។

ទិវាជាតិនៃការចងចាំ ២០ ឧសភា នៅស្រុកបារាយណ៍នេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក ជា បូរ៉ា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបារាយណ៍ តំណាងលោក ថោង ខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក។

នាឱកាសនោះ លោក ជា បូរ៉ា បានលើកឡើងថា ទិវាជាតិនៃការចងចាំ ២០ ឧសភា ជាទិវាមួយដែលមានអត្ថន័យដ៏សំខាន់ ជាការទទួលស្គាល់អំពីការបាត់បង់យ៉ាងធំធេងរបស់សង្គមជាតិក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលមានអាយុ៣ឆ្នាំ៨ខែ២០ថ្ងៃ (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩) និងជាការព្យាបាលផ្លូវចិត្តសម្រាប់ជនរងគ្រោះ ដែលបានឆ្លងកាត់ដោយផ្ទាល់ និងក្រុមគ្រួសារ ហើយមានសាច់ញាតិបានស្លាប់បាត់បង់ជីវិត និងការឈឺចាប់ពីឧក្រិដ្ឋកម្មកើតមានក្នុងរបបដ៏ខ្មៅងងឹតនេះ។

គួររំលឹកថា របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបានកំណត់យកថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ ដែលជាថ្ងៃបង្កើតរបបសហករណ៍ ដែលបានធ្វើឱ្យប្រជាជនខ្មែរក្លាយជាទាសករដាច់ថ្លៃរបស់អង្គការ ក្រោមការគំរាមសម្លាប់យ៉ាងព្រៃផ្សៃ។ ថ្ងៃនោះហើយដែលមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យបានប្រកាសដាក់ចេញនូវគោលនយោបាយការជម្លៀសប្រជាជនទាំងអស់ចេញពីទីក្រុងនិងទីប្រជុំជនឱ្យទៅរស់នៅតាមមូលដ្ឋាននានា លុបបំបាត់ចោលសេដ្ឋកិច្ចទីផ្សារ លុបបំបាត់រូបិយប័ណ្ណ និងការចាយប្រាក់ លុបបំបាត់សាសនា ផ្សិកព្រះសង្ឃ បិទវត្តអារាម សាលារៀន និងមន្ទីរពេទ្យ បោសសម្អាតភ្នាក់ងារចារកម្មនិងអ្នកពាក់ព័ន្ធ «សុខចិត្តសម្លាប់ខុស កុំឱ្យតែដោះលែងច្រឡំ» និងលុបបំបាត់កម្មសិទ្ធិឯកជនបង្កើតសហករណ៍ទូទាំងប្រទេស បង្កើតផ្ទះបាយសមូហភាព (ហូបរួម ធ្វើការរួម) ទាំងចាស់ ទាំងក្មេង ត្រូវធ្វើពលកម្មតាមទិសដៅរបស់អង្គការទូទាំងប្រទេស។ ក្រោយពីបង្កើតផែនការនេះហើយ កងទ័ពខ្មែរក្រហមបានបន្តសង្គ្រាម រហូតឈានដល់ការគ្រប់គ្រងប្រទេសនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺជាថ្ងៃនៃការបញ្ចប់របបសាធារណរដ្ឋខ្មែរ ដឹកនាំដោយសេនាប្រមុខ លន់ នល់។

គោលនយោបាយនៃរបបអាវខ្មៅនេះក៏បានចាប់ផ្ដើមសម្លាប់រង្គាលប្រជាពលរដ្ឋស្លូតត្រង់ បង្ខំឱ្យប្រជាពលរដ្ឋធ្វើការហួសកម្លាំងយ៉ាងទារុណ បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។ ចាប់ពីថ្ងៃដែលរបបប៉ុលពតបានឡើងគ្រប់គ្រងប្រទេសពីថ្ងៃ១៧មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩ របបខ្មែរក្រហមបានបង្កជាសោកនាដកម្មដ៏ជូរចត់ ជាពេលវេលាដ៏ខ្មៅងងឹត ប្រជាជនខ្មែររស់ក្នុងសមុទ្រទឹកភ្នែក ធ្វើជាទាសកររបស់អង្គការក្នុងគុកឥតជញ្ជាំងធ្វើការដូចសត្វធាតុ គ្មានពេលសម្រាក ហើយវិនាសកម្មនេះបានបង្កឱ្យប្រជាពលរដ្ឋខ្មែរជិត៣លាននាក់បានស្លាប់បាត់បង់ជីវិត ក្រោមការចោទថាក្បត់អង្គការ ឬចោទជាភ្នាក់ងារចោរកម្ម C.I.A ឬ K.G.B ឬចារកម្មយួន ខ្លះស្លាប់ដោយការអត់ឃ្លាន និងជំងឺ ហើយពលរដ្ឋខ្មែររាប់លាននាក់ត្រូវនិរាសព្រាត់ប្រាស់យ៉ាងវេទនាខ្លោចផ្សាជាទីបំផុត។

បន្ទាប់ពីពពកខ្មៅបាំងបិទអស់រយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ របបផ្កាច់ការនិយមមួយនេះបានដួលរំលំនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ក្រោមការសង្គ្រោះជាតិ និងប្រជាជនឲ្យរួចផុតពីគ្រោះមហន្តរាយ ដឹកនាំដោយកងទ័ពរណសិរ្យសាមគ្គី សង្គ្រោះជាតិនៃបក្សប្រជាជនកម្ពុជា គាំទ្រដោយកងទ័ពស្ម័គចិត្តវៀតណាមបានចូលមករំដោះប្រទេសពីរបបប្រល័យពូជសាសន៍ដ៏ព្រៃផ្សៃមួយនេះ។

តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះជាគោលនយោបាយដ៏ធំមួយក្នុងការដឹកនាំប្រទេសកម្ពុជាឈានទៅរកសន្តិភាព និងការឯកភាពជាតិពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានកែប្រែប្រទេសពីគំនរផេះផង់ ស្លាកស្នាមសង្គ្រាម និងអំពើប្រល័យពូជសាសន៍ ក្លាយជាទឹកដីកំពុងមានការអភិវឌ្ឍយ៉ាងលឿន និងមានចីរភាព ពីប្រទេសដែលមានអស្ថិរភាព សង្គ្រាមរាំរៃ ឧក្រិដ្ឋកម្ម និងការបែកបាក់ ក្លាយជាទឹកដីមានសន្តិភាព ស្ថិរភាព ការរួបរួមជាតិ ប្រជាធិបតេយ្យ និងនីតិរដ្ឋ ប្រជាជនបានរស់នៅយ៉ាងសុខដុមរមនា កិត្យានុភាពដែលបានបាត់បង់ទៅ ត្រូវបានស្ដារនិងលើកកម្ពស់ឡើងវិញប្រកបដោយមោទនភាព ទាំងអ្នកធ្លាប់ឆ្លងកាត់ និងស្រទាប់យុវវ័យដែលមិនបានឆ្លងកាត់របបប្រល័យពូជសាសន៍សុទ្ធតែទទួលបានមនុញ្ញផលនៃជ័យជម្នះ៧មករា និងដំណើររីកចម្រើនរបស់ជាតិទាំងអស់គ្នា។

លោកអនុប្រធាន ជា បូរ៉ា បានបន្តថា ជាសក្ខីភាព រាជរដ្ឋាភិបាលបាននិងកំពុងខិតខំរៀបចំ និងដាក់ចេញនូវគោលនយោបាយ និងវិធានការជាបន្តបន្ទាប់ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនានាទាំងក្នុងផ្នែកសេដ្ឋកិច្ច និងសង្គម។ ទោះបីស្ថិតក្នុងការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលបានផ្ទុះឡើងដើមឆ្នាំ២០២០ បានជះឥទ្ធិពលអវិជ្ជមានមិនធ្លាប់ មានដល់ផ្នែកសុខាភិបាល និងសង្គម សេដ្ឋកិច្ច។

ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីបានខិតខំយ៉ាងសស្រាក់សស្រាំឥតរួញរា ប្រកបដោយស្មារតីបុរេសកម្ម ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញទាំងវិធានការសុខាភិបាល វិធានការរដ្ឋបាលដ៏មុតស្រួចនានា និងវិធានការច្បាប់ដែលមានភាពទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ បត់បែនទៅតាមសភាពការណ៍ និងទីតាំងភូមិសាស្ត្រជាក់ស្តែង ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់នូវខ្សែសង្វាក់ចម្លងបានទាន់ពេលវេលា សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

លោកបានបន្តទៀតថា ជាមួយនឹងឆន្ទៈ និងការប្តេជ្ញាចិត្តដ៏មុះមុតរបស់រាជរដ្ឋាភិបាល ដៃម្ខាងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយដៃម្ខាងទៀតធ្វើការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសប្រកបដោយចីរភាព ធ្វើឱ្យជីវភាពរបស់ប្រជាជនបានប្រសើរឡើងជាលំដាប់ ព្រមទាំងបានធ្វើឱ្យកម្ពុជា សម្រេចនូវសមិទ្ធផលប្រកបដោយផ្លែផ្កាជាច្រើនគួរជាទីមោទនៈ នាពេលកន្លងមក រួមមាន៖

* ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពត្រូវបានពង្រឹង និងពង្រីកដោយដើរទន្ទឹមនឹងការគោរពច្បាប់។

* ការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ព្រមទាំងបានទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព ចំពោះចលនាទុច្ចរិតទំាងខាងក្នុង និងខាងក្រៅ ដែលប៉ុនប៉ងបង្កអសន្តិសុខដល់ប្រទេសជាតិ។

* ការរីកដុះដាលឥតឈប់ឈរនៃហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ សាលារៀន វត្តអារាម ស្ពាន ថ្នល់ ប្រព័ន្ធធារាសាស្ត្រ អគ្គីសនីនៅគ្រប់ភូមិ ឃុំ/សង្កាត់ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។

* ការពង្រឹងភាពស៉ាំក្នុងសហគមន៍ ឆ្លើយតបនឹងការបង្ការជំងឺកូវីដ១៩ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខក្នុងការចាក់វ៉ាក់សាំងបានលឿន និងឆាប់រហ័សជូនប្រជាពលរដ្ឋ (ក្នុងនោះកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២នៅក្នុងតំបន់អាស៊ាន និងលេខ៣នៅអាស៊ី)។

លោកអនុប្រធានបានបញ្ជាក់ថា ដោយសារតែកត្តាសុខសន្តិភាព ដែលជាការលះបង់ ការបូជា និងការតស៊ូគ្រប់បែបយ៉ាងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ទើបយើងទាំងអស់គ្នាមានឱកាសចូលរួមប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា ដើម្បីចូលរួមការរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានស្លាប់នៅក្នុងរបបខ្មែរក្រហម នៅតាមបូជនីយដ្ឋាននានាទូទាំងប្រទេស ហើយគ្រូបង្រៀន សិស្សានុសិស្ស មន្ត្រីរាជការ ព្រះសង្ឃ បព្វជិត និងសាធារណជន ក៏អាចជួបជុំគ្នាធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនសាច់ញាតិ និងអ្នកដែលបានបាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម នៅតាមបូជនីយដ្ឋានក្បែរកន្លែងរស់នៅរបស់ខ្លួនផងដែរ។

លោក ជា បូរ៉ា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់រួបរួមសាមគ្គីគ្នាចូលរួមជួយថែរក្សាការពារសន្តិភាព ដែលរកបានដោយលំបាកឱ្យបានគង់វង្ស កុំឱ្យរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅ និងខ្មៅងងឹតវិលត្រឡប់មកទឹកដីកម្ពុជាវិញឱ្យសោះ ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនជានិច្ចនិរន្ត៕