(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌពោធិសែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់មុននេះថា ក្រុមចោរប្លន់រថយន្ត Lexus 470 កាលពីព្រឹកមិញ នៅតាមផ្លូវទំនប់កប់ស្រូវនោះ ត្រូវបានកម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទន្ឌកំរិតស្រាលរាជធានីភ្នំពេញ ក្រោមបទបញ្ជាពីសំណាក់ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណបានបង្ក្រាប និងចាប់ខ្លួនបាន២នាក់ ដកហូតកាំភ្លើងខ្លីមួយដើម និងទូរស័ព្ទដៃមួយគ្រឿងផងដែរ នៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅសង្កាត់ត្រពាំងក្រសាំង ។
លោក យឹម សារ៉ាន់ បានបញ្ជាក់ទៀតថា ជនសង្ស័យមានឈ្មោះ ហ៊ន សំណាង និងម្នាក់ទៀត ជាបងប្រុស ឈ្មោះ ហ៊ន វណ្ណ: ជាសន្តិសុខ។
បើតាមលោក យឹម សារ៉ាន់ មុនពេលមានករណីប្លន់នេះកើតឡើង គឺជនរងគ្រោះ បានប្រកាសលក់រថយន្តរបស់ខ្លួន ម៉ាក Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-9925 តាម Facebook ពេលនោះជនសង្ស័យបានទូរស័ព្ទ ណាត់ជាមួយជនរងគ្រោះដើម្បីជួបគ្នាទិញរថយន្ត។
ក្រោយជួបគ្នាហើយជនសង្ស័យបានសុំសាករថយន្ត ជាមួយប្អូនប្រុសជនរងគ្រោះ លុះពេលបើកដល់ផ្លូវទំនប់កប់ស្រូវ ក៏ដេញឲ្យជនរងគ្រោះចុះពីលើរថយន្ត តែជនរងគ្រោះមិនចុះ ក៏ដកកាំភ្លើងភ្ជង់ហើយបើកគេចតែម្តង។ ដោយសារមានកម្លាំងសមត្ថកិច្ចតាមពីក្រោយ ទើបជនសង្ស័យយករថយន្តទៅទម្លាក់ចោលនៅ ដីឡូមួយកន្លែង ហើយរត់គេចខ្លួន ប៉ុន្តែក្រោយធ្វើការស្រាវជ្រាវតាមជំនាញ ទើបឈានទៅដល់ការចាប់ខ្លួនតែម្តង។
នៅពេលនេះ ជនសង្ស័យទាំង២នាក់ ស្ថិតក្រោមការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕