(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) រួមជាមួយក្រសួងសុខាភិបាល បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ សម្រាប់គម្រោងពង្រឹងសុខភាពមាតា និងទារកនៅខេត្តភាគឦសាននៃប្រទេសកម្ពុជា។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក លោក នោ ហ្យន់ជូន (Hyunjun RHO) នាយកប្រចាំប្រទេសនៃការិយាល័យកយការនៅកម្ពុជា និងលោកវេជ្ជបណ្ឌិត ហុក គឹមឆេង អគ្គនាយកក្រសួងសុខាភិបាល។

កិច្ចប្រជុំនេះមានការចូលរួមផងដែរពីសមាជិកគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិទាំងអស់ ដូចជាមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី និងរតនគិរី មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក (NMCHC) មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព (NCHP) ដើម្បីចែករំលែកព័ត៌មាននិងប្រមូលធាតុចូលលើការអនុវត្តគម្រោង និងលើកផែនការអនុវត្តន៍បន្ត។

កិច្ចប្រជុំនេះមានការពិភាក្សាដើម្បីចែករំលែកព័ត៌មានអំពីសកម្មភាពគម្រោង និងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីជាអនុសាសន៍ និងសំណូមពរសម្រាប់ផែនការអនាគតនៃការអនុវត្តគម្រោង។ លោកវេជ្ជបណ្ឌិត ហុក គឹមឆេង បានថ្លែងអំណរគុណចំពោះ ទីភ្នាក់ងារកយការ ក៏ដូចជាប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រគម្រោងនេះ។

តាមរយៈសមិទ្ធិផលកន្លងមក គម្រោងនេះបាននិងកំពុងពង្រឹងសមត្ថភាពអ្នកវិជ្ជាជីវៈផ្នែកសុខាភិបាលតាមរយៈការបណ្ថុះបណ្ថាលនានា ហើយក៏បានធ្វើឲ្យល្អប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលដូចជាការសាងសង់មជ្ឈមណ្ឌលសុខភាពមាតានិងទារក ការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្រ្ត ព្រមទាំងរថយន្តសង្គ្រោះជាដើម។ លើសពីនេះ គម្រោងក៏ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបញ្ជូនអ្នកជំងឺ តាមរយៈការផ្ថល់នូវរថយន្តសង្គ្រោះបន្ទាន់ ទូក និងម៉ូតូ ផងដែរ។ គម្រោងក៏បានគាំទ្រការលើកកំពស់ការយល់ដឹងសហគមន៍ និងសកម្មភាពផ្សព្វផ្សាយនៅតំបន់ដាច់ស្រយ៉ាល ព្រមទាំងការអភិបាលរបស់មន្រ្តីសុខាភិបាលផងដែរ។

លោក នោ ហ្យន់ជូន បានលើកឡើងថា «ការសាងសង់អគារសុខភាពមាតា និងទារកទាំង៥ទីតាំង នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ខណៈគម្រោងកំពុងធ្វើលទ្ធកម្មលើសំភារៈវេជ្ជសាស្ត្រដើម្បីបំពាក់ក្នុងអគារទាំងនោះ។ នៅឆ្នាំ២០២២នេះ ទីភ្នាក់ងារកយកា នឹងផ្តល់រថយន្តសង្គ្រោះបន្ទាន់បន្ថែមទៀតជាមួយនឹងប្រភេទ SUV ទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរី ដើម្បីបង្កើនគុណភាពប្រព័ន្ធបញ្ជូនអ្នកជំងឹពីសហគមន៍ ទៅកាន់មូលដ្ឋានសុខាភិបាល ខណៈកាលពីឆ្នាំ២០២១ ទីភ្នាក់ងារកយកាបានផ្តល់រថយន្តសង្គ្រោះចំនួន ០៦គ្រឿង សម្រាប់ទ្រទ្រង់ប្រព័ន្ធបញ្ជូនអ្នកជំងឺពីមណ្ឌលសុខភាព ឬពីបុស្តិសុខភាព ទៅកាន់មន្ទីរពេទ្យបង្អែក»

គម្រោងពង្រឹងសុខភាពមាតា និងទារកក្នុងខេត្តភាគឦសាននៃប្រទេសកម្ពុជា គឺជាគម្រោងដែលមានរយៈពេល ៤ឆ្នាំ (២០១៩-២០២៣) ដែលត្រូវបានអនុវត្តក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារកយកាជាមួយថវិកា ៧លានដុល្លារ។ គម្រោងនេះត្រូវបានអនុវត្តនៅខេត្តរតនគិរី និងមណ្ឌលគិរី ដោយមានគោលបំណងលើកកម្ពស់សុខភាពមាតា និងទារកតាមរយៈការលើកកម្ពស់គុណភាព និងលទ្ធភាពទទួលបានសេវាសុខភាពមាតានិងទារក។

គម្រោងនេះផ្តោតលើផ្នែកសំខាន់ៗចំនួន៤ រួមមាន៖ ១) ការកសាងសមត្ថភាពបុគ្គលិកសុខាភិបាល ២) ការកែលម្អបរិស្ថានមូលដ្ឋានសុខាភិបាល ៣) ការផ្តល់សេវាសុខាភិបាលចំពោះទីតាំងដាច់ស្រយាល និង៤) ការលើកកម្ពស់ការយល់ដឹងពីសហគមន៍៕