(រតនគិរី)៖ លោក ញ៉ែម សំអឿន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី បានលើកទឹកចិត្តដល់សមាជិក-សមាជិកត្រូវចូលរួមឱ្យបានសកម្មក្នុងនាមជាអ្នកសង្កេតការណ៍បោះឆ្នោត និងយុទ្ធនាការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។

លោកលើកទឹកចិត្តនេះធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីអ្នកសង្កេតការបោះឆ្នោត និងយុទ្ធនាការបោះឆ្នោត នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ។

នាឱកាសនោះ លោក ញ៉ែម សំអឿន បានលើកឡើងថា ការលះបង់ ការតាំងចិត្ត និងឆន្ទៈចំពោះសកម្មភាពស្ម័គ្រចិត្តរបស់ ស.ស.យ.ក បានផ្តល់ភាពជាគំរូសម្រាប់យុវជនដទៃទៀត។

លោកបានបន្តថា មិនថាសកម្មភាពក្នុងវិស័យណានោះទេ ស.ស.យ.ក តែងតែប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតីនៃការយកចិត្តទុកដាក់ខ្ពស់ និងជំរុញទឹកចិត្តខ្លួនឯងឲ្យក្លាយជាចំណែកនៃដំណោះស្រាយវិជ្ជមាន ជាជាងធ្វើជាបន្ទុក ឬអំរែករបស់សង្គមជាតិ។ សកម្មភាពទាំងអស់នេះក៏ជាការអប់រំនូវផ្នត់គំនិតយុវជនឲ្យចេះលះបង់ ហើយចូលរួមចំណែកដើម្បីសម្រេចប្រយោជន៍រួមផងដែរ។

លោកសង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលស្តីពីអ្នកសង្កេតការបោះឆ្នោត និងយុទ្ធនាការបោះឆ្នោតពលរដ្ឋល្អ ដែលទើបតែនឹងបញ្ចប់នាពេលនេះ ជាផ្នែកមួយដ៏មានសារសំខាន់ក្នុងការចូលរួមក្នុងកិច្ចការងារសង្គម និងជាផលប្រយោជន៍សម្រាប់ប្រទេសជាតិទាំងមូល។

ក្នុងនាមថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី លោក ញ៉ែម សំអឿន បានថ្លែងអំណរគុណចំពោះសមាជិក-សមាជិកាគ្រប់រូប ដែលបានខិតខំប្រឹងប្រែងបំពេញការងារនាពេលកន្លងមក ជាពិសេសការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាបេសកកម្មដ៏មានសារសំខាន់បំផុតសម្រាប់ ស.ស.យ.ក ក្នុងការបម្រើប្រជាពលរដ្ឋបន្ថែមលើកិច្ចការងារកន្លងមកដែលបានបំពេញក្នុងបុព្វហេតុជាតិមាតុភូមិ។

លោកប្រធានបានស្នើឱ្យសមាជិក-សមាជិកាដែលចូលរួមវគ្គបណ្តុះបណ្តាលនាពេលនេះ ត្រូវយកចំណេះដឹងទាំង៣៖ ១-សិទ្ធ តួនាទី និងភារកិច្ចរបស់អ្នក
សង្កេតការណ៍ មុនថ្ងៃបោះឆ្នោត ក្នុងថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោត, ២-ប្រភេទនៃអ្នកសង្កេតការណ៍បោះឆ្នោត, ៣-បម្រាមសម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតក្នុងដំណើរការបោះឆ្នោត ដែលបានខិតខំត្រង់ត្រាប់ស្តាប់ការពន្យល់របស់គ្រូឧទ្ទេសយកទៅអនុវត្តកិច្ចការងារសង្កេតការណ៍បោះឆ្នោត ស្របតាមនិតិវិធីច្បាប់នៃការបោះឆ្នោតឱ្យទទួលបាននូវលទ្ធផលជោគជ័យ៕