(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរីនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានរៀបចំប្រារព្ធពិធី ទិវាជាតិនៃការចងចាំ ២០ ឧសភា ជូនដល់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិត ដោយភាពអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឡើងនៅវត្ត ឥសាន្តរតនារាម ហៅវត្តភ្នំស្វាយស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុង បានលុង ខេត្តរតនគិរី។

ក្នុងពិធីខាងលើនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី, លោក មួង ប៉យ សមាជិកព្រឹទ្ធសភា, លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ញ៉ែម សំអឿន អភិបាលខេត្ត ព្រមទាំងមន្រ្តីរាជការនានាក្នុងខេត្តជាច្រើនរូបទៀតផងដែរ។

ពិធីនេះបាននិមន្តព្រះសង្ឃ ក្នុងទីអារាមខាងលើសូត្រមន្ត បង្សុកូល ដើមី្បឧទិ្ទសមហាកុសល ផលបុណ្យជូនដល់ប្រជាជន យុទ្ធជន យុទ្ធនារី កម្មាភិបាលអ្នកស្នេហាជាតិ និងបុព្វការីជន ដែលបានចែកឋានទៅ ដោយអំពើឃោឃៅ ព្រៃផ្សៃ និងអយុត្តិធម៌ នៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

ទិវាជាតិនៃការចងចាំ ២០ឧសភា ជាកម្មវិធីរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។

ទិវាជាតិនៃការចងចាំ២០ឧសភា ត្រូវបានសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជាកំណត់រៀបចំឡើងនៅឆ្នាំ១៩៨៣ ដោយហៅថា «ទិវាចងកំហឹង» ដើម្បីជាការចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានកាប់សម្លាប់ ប្រជាពលរដ្ឋខ្មែរ។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើត របស់សហកររបស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយបានបន្តសង្គ្រាមរហូតឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

«ទិវាជាតិនៃការចងចាំ» ទើបត្រូវរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមកំណត់ជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៨។ ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការ សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៕