(ពោធិ៍សាត់)៖ ដោយមានការយកចិត្តទុកដាក់ ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនោះលោក ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានចាត់ឱ្យក្រុមប្រតិបត្តិសាខា នាំយកថវិកា និងសម្ភារ ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ក្មេងស្រីសិស្សវិទ្យាល័យបាក់ចិញ្ចៀន ចំនួន០៣នាក់ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ដោយលង់ទឹកស្លាប់ ដល់លំនៅដ្ឋាននៃសពផ្ទាល់ ក្នុងឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ។

លោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បាននាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ពីសំណាក់លោក ជាវ តាយ ជាមួយគ្រួសារសពក្មួយស្រី ជា ស្រីនាថ, ក្មួយស្រី ថា ស្រីម៉ី និងក្មួយស្រី គីម សុខគៀង ព្រមទាំងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព ក្មួយស្រីរងគ្រោះទាំង០៣ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លោកជម្រាបជូនថា មរណភាពរបស់ក្មួស្រីទាំង០៣នាក់នេះ គឺជាការបាត់បង់កូនស្រី ដ៏ស្រស់ស្អាតជាទីស្រលាញ់ ដែលឪពុកម្ដាយបានខិតខំចិញ្ចឹមបីបាច់ថែរក្សា តាំងពីតូចក្រូចឆ្មារ រហូតដល់ធំពេញវ័យ បានចូលសិក្សានៅវិទ្យាល័យបាក់ចិញ្ចៀននេះ។

លោកបានលើកឡើងទៀតថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាននោះ ជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់គិតគូរព្រួយបារម្ម ចំពោះប្រជាពលរដ្ឋជួបការលំបាក ខ្វះខាត និងងាយរងគ្រោះគ្រប់ទីកន្លែង ដោយមិនបានប្រកាន់ ឬរើសអើងអំពីនិន្នាការនយោបាយ បក្សពួក ជាតិសាសន៍ វណ្ណៈអ្វីឡើយ ពោលគឺឱ្យតែរងគ្រោះ ត្រូវតែទទួលបានការជួយឧបត្ថម្ភដូចៗគ្នា តាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

លោកបានបញ្ជាក់ថា ជាទូទៅសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដែលមានលទ្ធភាព ក្នុងការចែកជូនអំណោយមនុស្សធម៌ជូនដល់ជនរងគ្រោះដោយប្រការផ្សេងៗ នាពេលកន្លងមក ក៏ដូចនាពេលនេះ គឺសុទ្ធជាការបរិច្ចាគទាំងថវិកា និងសម្ភាររបស់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលមានជំនឿទុកចិត្ត ចំពោះសកម្មភាពមនុស្សធម៌ ក្រោមការដឹកនាំប្រកបដោយ ប្រសិទ្ធិភាព តម្លាភាព របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ លោកបានជម្រាបជូនថា គ្រឿងឧបភោគ បរិភោគសម្រាប់ចូលរួម ជាមួយក្រុមគ្រួសារសព ទាំង៣ខាងលើនេះ ដោយក្នុងមួយសពទទួលបាន៖ អង្ករ៥០គីឡូក្រាម ទឹកក្រូច០២កេស ទឹកសុទ្ធ០២កេស និងថវិកា៤០ម៉ីនរៀល។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចស្ពានក្របៅជ្រុំ ភូមិក្របៅជ្រុំ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីក្មេងស្រីសិស្សវិទ្យាល័យបាក់ចិញ្ជៀន ចំនួន០៣នាក់ លង់ទឹកស្លាប់ ខណៈចុះលេងទឹកស្ទឹងរអិលធ្លាក់រណ្តៅខ្សាច់។ ជនរងគ្រោះទី១-ឈ្មោះ ឈន ចាន់ ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិទួលទទឹង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ (មុខរបរ អនុភូមិទួលទទឹង)។ ក្មេងស្រីរងគ្រោះ ទាំង០៣នាក់ រួមមាន៖ *ទី១៖ ឈ្មោះ ជា ស្រីនាថ អាយុ១៤ឆ្នាំ ជាសិស្សវិទ្យាល័យបាក់ចិញ្ជៀន រស់នៅភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ, *ទី២៖ ឈ្មោះ ថា ស្រីម៉ី អាយុ១៥ឆ្នាំ ជាសិស្សវិទ្យាល័យបាក់ចិញ្ជៀន រស់នៅភូមិអូររំចង់ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ និង*ទី៣៖ ឈ្មោះ គីម សុខគៀង អាយុ១៥ឆ្នាំ ជាសិស្សវិទ្យាល័យបាក់ចិញ្ជៀន រស់នៅភូមិទួលពង្រ ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ៕