(សៀមរាប)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំតំណាងស្ថានទូតប្រចាំនៅកម្ពុជា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចុះទស្សនកិច្ចសិក្សាស្វែងយល់ពីសារៈមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៉ីម៉ាក់) ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលស៉ីម៉ាក់។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានជម្រាបប្រាប់ដល់តំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ថា ដំណើរទស្សនកិច្ចនាថ្ងៃនេះ គឺជាការស្វែងយល់អំពីសមិទ្ធផលសម្រេចបាននៃការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ដែលជាលទ្ធផលបានមកពីមរតកនៃសង្រ្គាមរ៉ាំរ៉ៃអស់រយៈពេលជាង ៣ទសវត្សរ៍នៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់គ្រប់បែបយ៉ាងរបស់កងកម្លាំងបោសសម្អាតមីន/គ្រាប់នៃមជ្ឈមណ្ឌលស៉ីម៉ាក់រយៈពេល ៣០ឆ្នាំ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន/គ្រាប់ ដែលនេះសបញ្ជាក់ឲ្យឃើញពីយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាស្ថាបនិកសន្តិភាព ព្រមទាំងមានចូលរួមឧបត្ថម្ភគាំទ្រពីបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា មជ្ឈមណ្ឌលស៉ីម៉ាក់ បានធ្វើការក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមីន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្របសម្រួល គ្រប់គ្រង និងត្រួតពិនិត្យវិស័យសកម្មភាពមីននៅកម្ពុជា ក្នុងការឆ្លើយតបនឹងបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕