Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស៊ន សៀវម៉ី ចូលជួបសំដែងការគួរសមជាមួយលោក ថោង ខុន មុនចេញទៅហ្វឹកហាត់ត្រៀម Olympic Games

16-05-2016 17:07

(ភ្នំពេញ)៖ វីរៈកីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី និងគ្រូបង្វឹក ឆយ យ៉ុងសុក បានចូលជួបសំដែងការគួរសម និង សំណេះសំណាលជាមួយប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក ថោង ខុន នៅទីស្នាក់ការ NOCC នា រសៀលថ្ងៃទី១៦ ខែឧសភានេះ មុនចេញទៅហ្វឹកហាត់រយៈពេល២ខែនៅប្រទេសកូរ៉េខាងត្បូងនៅម៉ោង ១១៖០០នាទី យប់នេះ ត្រៀមប្រកួតកីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីលក្នុងខែសីហាខាងមុខ។

ក្នុងពិធីសំណេះសំណាលនោះដែរ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏មានមតិផ្តាំផ្ញើដល់ម្ចាស់មេដាយមាស កីឡាតេក្វាន់ដូអាស៊ី ស៊ន សៀវម៉ី ឲ្យខិតខំយកចិត្តទុកដាក់ហ្វឹកហាត់ និងត្រងត្រាប់ស្តាប់ដំបូន្មានពីគ្រូបង្វឹក ព្រោះថា កូរ៉េខាងត្បូង បណ្តុំទៅដោយជើងខ្លាំង និងបច្ចេកទេសល្អៗច្រើននាក់មពីជុំវិញពិភពលោកមក ពង្រឹងសមត្ថភាព នៅទីនេះ។

ទន្ទឹមគ្នានោះដែរលោក ថោង ខុន ក៏សង្ឃឹមថា «ស៊ន សៀវម៉ី នឹងទទួលបានលទ្ធផលល្អក្នុងព្រឹត្តិការណ៍លំដាប់ថ្នាក់ ពិភពលោកមួយនេះ ដោយកញ្ញានឹងប្រកួតផ្លូវការនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៃយុទ្ធនាការ Olympic Games លើកទី៣១នេះ» ។

ជាមួយគ្នានោះដែរលោក ថោង ខុន ក៏បានឧបត្ថម្ភ ស៊ន សៀវម៉ី និងគ្រូបង្វឹករបស់នាងចំនួន ៥០០ដុល្លារក្នុងម្នាក់ៗផង ដែរក្នុងការចេញទៅហ្វឹកហាត់នៅប្រទេសខ្លាំងខាងកីឡាតេក្វាន់ដូលើកនេះ ដើម្បីត្រៀមជួបជើងខ្លាំងៗនៅ Rio 2016។

អគ្គលេខាធិការ NOCC លោក វ៉ាត់ ចំរើន ក៏បានបញ្ជាក់ផងដែរថា ក្នុងនាមជាម្ចាស់មេដាយមាស កីឡាតេក្វាន់ដូ ប្រចាំទ្វីបអាស៊ី (៤៦ប្រទេស) ដែលបានឈ្នះកាលពីដើមឆ្នាំ២០១៥ កន្លងទៅនេះនៅប្រទេសកូរ៉េខាងត្បូង សៀវម៉ី គឺឈរចាំប្រកួតវគ្គ១៦នាក់តែម្តង ហើយប្រសិនបើកីឡាការិនីមានវ័យជាង២០ឆ្នាំខាងលើឈ្នះ ២ប្រកួតជាប់គ្នាក្នុងវគ្គ ៨នាក់ចុងក្រោយ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺ សៀវម៉ី នឹងទទួលបានមេដាយសំរឹទ្ធ១គ្រឿងក្នុងដៃជាការស្រេច តែបើប្រសិននាងឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រនោះ នឹងឈ្នះមេដាយប្រាក់១ប្រាក់គ្រឿង ទោះចាញ់ក៏ដោយ៕