(សៀមរាប)៖ សួនរុក្ខជាតិអង្គរ ត្រូវបានអាជ្ញាធរជាតិអប្សរា រៀបចំពិធីសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។ សួននេះប្រមូលផ្តុំដោយរុក្ខជាតិ និងដើមឈើចម្រុះ ៥០០ប្រភេទ ដែលនឹងក្លាយជាកញ្ចប់ទស្សនាបែបធម្មជាតិដ៏ទាក់ទាញសម្រាប់ទេសចរ។

ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការ សួនរុក្ខជាតិអង្គរ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា សួននេះជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងរមណីយដ្ឋានអង្គរ លើការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានមួយនេះប្រកបដោយចីរភាព បង្កើនទេសភាពបៃតង ក៏ដូចជាជំរុញគោលដៅទេសចរណ៍ក្នុងស្រុក ដើម្បីរួមចំណែកស្ដារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ស្រុបតាមផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០២១-២០៣៥។

លោកស្រីមានប្រសាសន៍ទៀតថា ក្រោយសម្ពោធសួនរុក្ខជាតិនេះ សាធារជនអាចចូលទស្សនាបានដោយឥតបង់ប្រាក់ផងដែរ។ សួននេះពីដើមមានឈ្មោះ សួនគ្រឿងទេស បង្កើតឡើងនៅឆ្នាំ២០០៥ ហើយជាបន្តបន្ទាប់មានការកែលម្អ និងរហូតដល់ឆ្នាំ២០១៨ ក្រោមគំនិតផ្តួចផ្តើមពីលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកែលម្អជាថ្មី និងបានដាក់ឈ្មោះថា សួនរុក្ខជាតិអង្គរ។

តាមរបាយការណ៍របស់លោកស្រី ភឿង សកុណា សួននេះចែកជា៥ផ្នែកធំៗ រួមមាន សួនឱសថ និងសួនគ្រឿងទេស សួនផ្កាស្មៅ និងផ្កាចម្រុះ សួនអំបូរត្នោត សួនលំនៅដ្ឋានផ្ទះខ្មែរ និងសួនព្រៃឈើ សត្វព្រៃអង្គរ។ សួននេះមានរុក្ខជាតិប្រមាណ ៥០០ប្រភេទ ដូចជាឈើប្រណិត និងឈើព្រៃ ៣០ប្រភេទ ឱសថ គ្រឿងទេស និងបន្លែ ១០០ប្រភេទ រុក្ខជាតិអំបូរត្នោត ៥០ប្រភេទ ដើមឈើហូបផ្លែ ៩០ប្រភេទ ប្រទាល ៥០ប្រភេទ កេសរកូល ប៉ប្រក និងវ័ល្ល៍ ៤០ប្រភេទ ដើមផ្កា ៥០ប្រភេទ ផ្កាតាមផ្លូវ ២០ប្រភេទ ផ្លាស្មៅនិងត្រែង ១០ប្រភេទ ផ្កាខ្មែរ និងផ្កាក្រអូប ២០ប្រភេទ ព្រមទាំងរុក្ខជាតិផ្សេងៗជាច្រើនទៀត។ ក្រៅពីនេះ សួននេះក៏មានការរៀបចំជាកូនភ្នំតូចៗ ស្រះ ប្រឡាយទឹក ទឹកធ្លាក់ខ្នាតតូច និងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ មានប្រភពទឹកពីស្ទឹងសៀមរាប ព្រមទាំងសត្វព្រៃ និងសត្វចិញ្ចឹមមួយចំនួនទៀត។

លោក ជា សុផារ៉ា បានកោតសរសើរចំពោះការកែលម្អ និងរៀបចំសួនរុក្ខជាតិអង្គរនេះឡើង និងមានរំពឹងថា អាជ្ញាធរជាតិអប្សរា នឹងបន្តរៀបចំសួននេះឱ្យកាន់តែល្អប្រសើរទៀតនាពេលអនាគត។ លោករដ្ឋមន្រ្តីក៏ជំរុញឱ្យមានការផ្សព្វផ្សាយរុក្ខជាតិក្នុងសួននេះឱ្យបានទូលំទូលាយ ទៅកាន់ប្រជាពលរដ្ឋ និងលើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវក្នុងសួននេះផងដែរ។

សម្រាប់លោក ជា សុផារ៉ា ដើមឈើពិតជាផ្តល់អត្ថប្រយោជន៍ច្រើនដល់មនុស្ស ដូច្នេះមនុស្សគួរស្គាល់ឈ្មោះ និងដឹងពីអត្ថប្រយោជន៍របស់វា។ ប្រសិនណាមនុស្សដឹងពីប្រយោជន៍ទាំងនោះ នោះគេមិនកាប់បំផ្លាញដើមឈើទៀតទេ៕