(បន្ទាយមានជ័យ)៖ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំដើម្បីពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ លើការងារព្យាបាលស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនទូទាំង២៥រាជធានី-ខេត្ត។
លោក មាស វិរិទ្ធ បានថ្លែងថា «ក្នុងនាមតំណាងឱ្យលោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ខ្ញុំសូមជម្រាបថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីឱ្យគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី-ខេត្តទាំង២៥ ពិសេសប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទូទាំង២៥រាជធានី-ខេត្ត មានមូលដ្ឋានក្នុងការរៀបចំបង្កើត មណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងបណ្តុះបណ្តាលវិជ្ជាជីវ: តាមបណ្តារាជធានី-ខេត្តទាំង២៥ រៀងៗខ្លួន»។
សូមជម្រាបថា កិច្ចប្រជុំនេះមានសមាសភាពមកពី តំណាងក្រសួងសុខាភិបាល, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, អភិបាល-អភិបាលរងខេត្តទទួលបន្ទុក, ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី-ខេត្តទាំង២៥៕