(ភ្នំពេញ)៖ បញ្ហាកង្វះទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋបណ្តាលមកពីគ្រោះរាំងស្ងួតដោយការកើនឡើងរលកកម្តៅនោះ ជាបញ្ហា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅតែបន្តជំរុញ និងក្រើនរំលឹកឲ្យអាជ្ញាធរ និងសមត្ថកិច្ចបន្តយកចិត្តទុកដាក់បន្ថែមទៀត មុននិងសម្តេចចាកចេញទៅកាន់ប្រទេសរុស្ស៊ីនារាត្រីនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់នៅក្នុង Facebook របស់សម្តេចគ្រាជិតដល់ម៉ោងឡើងយន្តហោះនាយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ «មុនចាកចេញពីកម្ពុជាទៅបំពេញបេសកកម្មនៅក្រៅប្រទេស ខ្ញុំតែងគូសបញ្ជាក់ថា ប្រទេសយើងមិនទាន់ឆ្លងផុតគ្រោះមហន្តរាយនូវរលកកំដៅ នៃការរាំងស្ងួត និងការខ្វះទឹកសម្រាប់ទទួលទាន និងសម្រាប់បង្កបង្កើនផលនៅឡើយ។ សូមបន្តការខិតខំដូចដែលយើងបានធ្វើជាងមួយខែកន្លងមកក្នុងយុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការជួយដល់ប្រជាជនក្នុងការដោះស្រាយទឹក»។
សម្តេចតេជោ បន្តថា សម្តេចនឹងបន្តតាមដានការងារនេះជាប្រចាំដូចពេលសម្តេចនៅក្នុងប្រទេសដែរ។ សម្តេចតេជោ បញ្ជាក់ដូច្នេះ «ទោះរូបកាយនៅឆ្ងាយ តែទឹកចិត្តនៅតែនៅជិតបងប្អូនជនរួមជាតិជានិច្ច»។
សូមបញ្ជាក់ថា នៅម៉ោង ៩៖៣០នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នឹងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងមូស្គូ រដ្ឋធានី នៃសហពន្ធ័រុស្ស៊ី។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នឹងចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-រុស្ស៊ី នៅទីក្រុងម៉ូស្គូ និង ទីក្រុងសូឈី ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាការងារជាមួយ លោក ប្រធានាធិបតី វ្លាឌីមៀរ ពូទីន និងជួបចរចាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តី រុស្ស៊ីផងដែរ។ ទន្ទឹមនឹងនោះមានឯកសារសំខាន់ៗមួយចំនួន នឹងត្រូវចុះហត្ថលេខា ដើម្បីពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ី។
យោងតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា គណៈប្រតិភូអមដំណើររួមមាន៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និង លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងសមាជិករាជរដ្ឋាភិបាលកម្ពុជាដទៃទៀត៕