(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំលិខិតស្នើទៅកាន់ក្រសួងមហាផ្ទៃ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងសហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុនសន្តិសុខឯកជន កាស៊ីណូ ក៏ដូចជាគ្រឹះស្ថានទាំងអស់នៅកម្ពុជា ដើម្បីផ្ដល់ការអនុញ្ញាតឱ្យកម្មករនិយោជិតបានធ្វើដំណើរទៅមកចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។

បើតាមលទ្ធផលនៃកិច្ចប្រជុំនាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួន អគ្គលេខាធិការដ្ឋាន គ.ជ.ប ស្នើសុំឆ្លងការពិនិត្យ និងសម្រេចពីលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នូវលិខិតឯកសារមួយចំនួន រួមមាន៖

* សេចក្តីអំពាវនាវរបស់ គ.ជ.ប សម្រាប់ផ្សព្វផ្សាយជូនដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅកម្ពុជា ដើម្បីជួយសម្រួល និងបង្កលក្ខណៈងាយស្រួលអនុញ្ញាតឱ្យកម្មករនិយោជិតបានធ្វើដំណើរទៅមក ដើម្បីបានបោះឆ្នោតនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។

* លិខិតស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីជួយអន្តរាគមន៍ទៅគ្រប់ប្រធានក្រុមហ៊ុនសន្តិសុខឯកជន និងប្រធានកាស៊ីណូទាំងអស់នៅកម្ពុជាអនុញ្ញាតឱ្យបុគ្គលិកសន្តិសុខ និងបុគ្គលិកកាស៊ីណូបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។

* លិខិតស្នើសុំទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយអន្តរាគមន៍ទៅគ្រប់រោងចក្រ សហគ្រាស ភោជនីយដ្ឋាន គ្រឹះស្ថានទាំងអស់ដែលស្ថិតនៅក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារ អនុញ្ញាតឱ្យកម្មករនិយោជិតបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។

ក្រៅពីនេះ អគ្គលេខាធិការដ្ឋាន គ.ជ.ប ក៏បានស្នើសុំឆ្លងការពិនិត្យ និងសម្រេចពីប្រធាន គ.ជ.ប លើឯកសារមួយចំនួនទៀត រួមមាន៖

* សេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធីនៃការបំពេញបេក្ខជនបម្រុងបន្ថែមរបស់គណបក្សនយោបាយ ដែលត្រូវទទួលបានអាសនៈក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់។

* ស្ប៉តវីដេអូអប់រំ វីដេអូចម្រៀងកាយវិការ ស្ប៉តវីដេអូបែបជីវចល សម្រាប់ផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍ ដើម្បីអប់រំដល់អ្នកបោះឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

* សេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រងលទ្ធផលបោះឆ្នោតបឋម សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

* សេចក្តីសម្រេចស្តីពីការអនុញ្ញាតជូនភ្ញៀវពិសេស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅកម្ពុជា ដើម្បីបានចូលរួមពិនិត្យមើលការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត។ ខ្លឹមសារក្នុងសេចក្ដីសម្រេចនោះ ភ្ញៀវពិសេសគឺជាប្រតិភូនៃស្ថានទូត ឬស្ថានតំណាងបរទេសប្រចាំកម្ពុជា។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារទាំងអស់ខាងលើរួចមក គ.ជ.ប បានកែសម្រួលលើខ្លឹមសារមួយចំនួន ហើយបានសម្រេចឯកភាពជាគោលការណ៍ដាក់ឯកសារខាងលើ ដើម្បីត្រៀមប្រើប្រាស់ក្នុងការផ្សព្វផ្សាយ និងអនុវត្តបន្ទាប់ពីប្រធាន គ.ជ.ប បានចុះហត្ថលេខាជាផ្លូវការ។

លោកប្រធាន ប្រាជ្ញ ចន្ទ បានណែនាំដល់អគ្គលេខាធិការ គ.ជ.ប ឱ្យពង្រឹងកិច្ចសហការជាមួយគណៈកម្មការសន្តិសុខបោះឆ្នោត ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ បរិយាកាសស្ងប់ស្ងាត់ និងរលូនល្អ ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត ថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕