(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានទទួលជួបលោកស្រី Lori Abele នាយក គោលនយោបាយ អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ នៃក្រសួងការពារជាតិ សហរដ្ឋអាមេរិក។

ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការមួយចំនួន និងជាពិសេស កិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពនៃប្រទេសទាំងពីរ។

បន្ថែមពីនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការដែលមានកន្លងមក និងបានបង្ហាញឆន្ទៈក្នុងការរក្សា ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធាបន្ថែមទៀតនៅពេលខាងមុខ និងការបន្តបង្កើនភាពជឿទុកចិត្តរវាងកងទ័ព នៃប្រទេសទាំងពីរផងដែរ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ រដ្ឋាភិបាល ក្រសួងការពារជាតិសហរដ្ឋអាមេរិក ដែលបានជួយឧបត្ថម្ភ និងបណ្តុះបណ្តាល ដល់កងទ័ពកម្ពុជាកន្លងមក។

ជាការឆ្លើយតប លោកស្រី Lori Abele បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងកិច្ចការសន្តិសុខកន្លងមកផងដែរ៕