(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ពីសំណាក់លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំកម្លាំងមន្ត្រី ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលខ្វះខាត ចំនួន៣៨គ្រួសារ ដែលស្ថិតនៅសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។

នាឱកាសនេះ លោក ធឹម សំអាន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនចំពោះក្រុមគ្រួសារទីទ័លក្រ និងងាយរងគ្រោះទាំងអស់ ដោយក្តីនឹករលឹកផងដែរ។ មានមតិសំណេះសំណាលតាមខ្នងផ្ទះនីមួយៗ នាពេលនោះ លោកអភិបាលខណ្ឌបឹងកេងកង បានលើកឡើងថា សកម្មភាពនាពេលនេះ គឺជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

លោកបានបន្តទៀតថា ក្នុងរយៈប៉ុន្មានថ្ងៃកន្លងមកនេះ លែងមានការឆ្លងជំងឺកូវីដ ប៉ុន្តែក៏សូមឲ្យប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ដែលមាន០៧សង្កាត់ និងអាជីវករតាមផ្សារ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង សូមមើលថែទាំសុខភាព និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ និងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ។

លោកអភិបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា អំណោយដែលចែកជូនប្រជាពលរដ្ឋទីទ័លក្រទាំង៥៨គ្រួសារនៅថ្ងៃនេះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករចំនួន២៥គីឡូ, មីចំនួន១០កញ្ចប់, ទឹកត្រីចំនួន២ដប និងម៉ាសចំនួន១០៕