(ពោធិ៍សាត់)៖ លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ បានចេញមុខបកស្រាយបញ្ជាក់ជុំវិញការចោទប្រកាន់ថា កម្លាំងនគរបាលរបស់លោក ដោះលែងក្រុមចោរលួចក្របីរបស់ប្រជាពលរដ្ឋ ជាថ្នូរនឹងទឹកប្រាក់៥ពាន់ដុល្លារ។
លោកស្នងការបានបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែឧសភា មានប្រជាពលរដ្ខ៥គ្រួសារ បាត់ក្របីចំនួន៩ក្បាល ដល់ថ្ងៃទី០៧ខែឧសភា កម្លាំងនគរបាលស្រុកបាកាន បានឃាត់រថយន្ត២គ្រឿង នៅចំណុចព្រំប្រទល់ស្រុកកណ្តៀង និងស្រុកបាកាន នៅភូមិអំពិលកញ្ច្រិណ ឃុំកោះជុំ ក៏បានរាយការណ៍ជូនព្រះរាជអាជ្ញា តន់ សីហតេជៈ ហើយលោកព្រះរាជអាជ្ញា បានបញ្ជាឲ្យឃាត់យកមកដាក់នៅប៉ុស្តិ៍ស្នាមព្រះ រួចជូនដំណឹងទៅតាមបណ្តាស្រុក ឲ្យប្រាប់ប្រជាពលរដ្ឋណាដែល បានបាត់ក្របីឲ្យមកមើល។
លោកស្នងការបានឲ្យដឹងថា ប្រជាពលរដ្ឋ០៥គ្រួសារ បានមកបញ្ជាក់ថា ក្របីទាំងអស់នេះជារបស់ពួកគាត់ រួចព្រះរាជអាជ្ញាបានសម្រេចប្រគល់ក្របីឲ្យគេវិញ ហើយក៏ឲ្យឃាត់ម្ចាស់រថយន្ត០២នាក់។ បន្ទាប់មកព្រះរាជអាជ្ញាបានឲ្យឪពុកម្តាយម្ចាស់រថយន្តទាំង២ មកធានាត្រលប់ទៅមូលដ្ឋានវិញ។
លោកស្នងការបញ្ជាក់ទៀតថា បន្ទាប់មកទៀតសមត្ថកិច្ច បានស្រាវជ្រាវកំណត់មុខសញ្ញា០៤នាក់ ក្នុងនោះកម្លាំងនគរបាល បានបញ្ជូនសំណុំរឿងទៅតុលាការហើយ ដើម្បីសុំដីការ ចាប់ខ្លួនអ្នកទាំង០៤នាក់ និងកំពុងស្វែងរកការចាប់ខ្លួន។ ចំពោះករណីចោទប្រកាន់ថា កម្លាំងនគរបាលខេត្តពោធិ៍សាត់ យកលុយ៥ពាន់ដុល្លារ ដោះស្រាយក្រៅប្រព័ន្ធតុលាការនោះ គឺសមត្ថកិច្ចពុំមានការពាក់ព័ន្ធឡើយ៕