(ភ្នំពេញ)៖ រហូតមកដល់វេលាម៉ោង១៥៖៣០នាទីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ មនុស្ស៣នាក់ ក្នុងចំណោម៥នាក់ ដែលឃាត់ខ្លួននៅករណី យុទ្ធនាការស្លៀកពាក់ខ្មៅ បានផ្តិតមេដៃលើកិច្ចសន្យាចប់ ប្រព្រឹត្តិអំពើខុសច្បាប់ ដើរស្លៀកពាក់ខ្មៅទៀតហើយ នេះបើយោងតាម លោក ហ៊ុន សុធី អធិការខណ្ឌទួលគោក បានថ្លែងប្រាប់អង្គភាព Fresh News នៅមុននេះបន្តិច។
លោក ហ៊ុន សុធី បានបញ្ជាក់ថា មនុស្ស៣នាក់ បានផ្តិតមេដៃលើកិច្ចសន្យាបញ្ចប់ការធ្វើសកម្មភាព លើយុទ្ធនាការស្លៀកខ្មៅ ចំណែក២នាក់ទៀត មិនព្រមផ្តិតមេដៃនោះទេ។ លោកអធិការបានបន្តទៀតថា ជាគោលការណ៍៣នាក់ដែលបានផ្តិតមេដៃរួចហើយ គឺអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ចំណែក២នាក់ទៀត គឺមិនអនុញ្ញាតឲ្យទៅវិញនោះទេ។ ចំណុចខាងលើនេះលោកអធិការបញ្ជាក់ថា នៅពេលនេះមានមនុស្សម្នាក់បានចាកចេញទៅវិញហើយ ចំណែក២នាក់(អ្នកអនុញ្ញាតឲ្យទៅ) មិនទាន់ត្រឡប់ទៅវិញទេ ដោយសារនៅចាំគ្នីគ្នារបស់គាត់ ២នាក់ទៀត ដែលមិនព្រមផ្តិតមេដៃ។
សូមជំរាបថា នៅព្រឹកថ្ងៃទី១៦ ខែឧសភានេះ មានមនុស្សទាំង៥នាក់៖ ម្នាក់សកម្មជនបឹងកក់, ៣នាក់បុរីកីឡា និងម្នាក់មកពីស្រុកថ្មគោល ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនទៅសាកសួរ ពាក់ព័ន្ធស្លៀកពាក់ខ្មៅ ក្នុងយុទ្ធនាការទាមទារឲ្យមានការដោះលែង មន្រ្តីអង្គការអាដហុក៤នាក់ និងមន្រ្តី គ.ជ.ប ម្នាក់ ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន ហើយត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារព្រៃសមនុស្ស៥នាក់ ដែលធ្វើការឃាត់ខ្លួន មកសាកសួររួមមានឈ្មោះ៖
១៖ ឈ្មោះ ភោគ សុភីន ភេទ ស្រី សកម្មជនបុរីកីឡា
២៖ ឈ្មោះ ង៉ូវ ណាវី ភេទ ស្រី សកម្មជនបុរីកីឡា
៣៖ ឈ្មោះ យិន ស្រីន ភេទ ស្រី សកម្មជនបុរីកីឡា
៤៖ ឈ្មោះ ច្រាយ នីម ភេទ ស្រី សកម្មជនថ្មគោល
៥.ឈ្មោះ អ៉ីម ស្រីទូច ភេទ ស្រី សកម្មជនបឹងកក់។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅព្រឹកថ្ងៃទី១៦ ខែឧសភានេះ គម្រោងធ្វើយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» មិនមានអ្វីប្លែកនោះទេ តែប្រសិនបើមានធ្វើខុសច្បាប់ យើងនឹងចាត់វិធានការតាមផ្លូវច្បាប់ នេះបើតាម កាលពីថ្ងៃចន្ទសប្តាហ៍មុន ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លី រាប់សិបនាក់ បានធ្វើយុទ្ធនាការស្លៀកខ្មៅ ដើម្បីទាមទារឱ្យមានការដោះលែង មន្រ្តីអង្គការអាដហុក៤នាក់ និងមន្រ្តី គ.ជ.ប ម្នាក់ ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន ហើយត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស។ អំឡុងតវ៉ានេះ សមត្ថកិច្ចឃាត់មនុស្ស៨នាក់ ដើម្បីអប់រំណែនាំឱ្យធ្វើកិច្ចសន្យា រួចហើយក៏ដោះលែងពួកគេ ឱ្យមានសេរីភាពវិញ នៅយប់ថ្ងៃដដែលតែម្តង។
យុទ្ធនាការស្លៀកខ្មៅ ត្រូវបានហាមឃាត់ ដោយរាជរដ្ឋាភិបាលកម្ពុជា ដោយសារតែមានចរឹតដូចទៅនឹងចលនាដែល បង្កអសន្តិសុខដល់ប្រទេសជាតិ។ នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានព្រមានចាត់វិធានការរាល់សកម្មភាព និងការធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅនេះ ដើម្បីរក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងពង្រឹងនីតិរដ្ឋ របស់ជាតិទាំងមូល៕