(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា មានបំណងរៀបចំដំណើរទស្សនកិច្ចថ្នាក់កំពូល នៅពេលខាងមុខនេះ ដែលស្របនឹងខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ នេះបើតាមលទ្ធផលនៃកិច្ចពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក នរិន្ត្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឥឡូវនេះ ភាគីទាំងពីរកម្ពុជា-ឥណ្ឌា កំពុងតែស្វែងរកពេលវេលាសាកសម នៅក្នុងព្រះរាជទស្សនកិច្ចរបស់ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ដែលគ្រោងនឹងយាងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ក្នុងឆ្នាំ២០២៣ ព្រមទាំងទស្សនកិច្ចរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា នឹងទៅទស្សនកិច្ចនៅប្រទេសឥណ្ឌាក្នុងឆ្នាំ២០២២នេះ ដើម្បីចូលរួមពង្រីកទំនាក់ទំនងទ្វេភាគី ជាពិសេសទៀតនៅក្នុងការប្រារព្ធខួបទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ សម្តេចក៏បានអញ្ជើញ លោកនាយករដ្ឋមន្ត្រី ម៉ូឌី មកទស្សនកិច្ចនៅប្រទេសកម្ពុជា មុនពេលមានកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឬនៅអំឡុងកិច្ចប្រជុំកំពូល នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះផងដែរ។

ឆ្លើយតបនឹងការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន, លោក នរិន្ត្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានបង្ហាញក្តីរំពឹងទុកថា នឹងមកទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។

ចំណែកសម្ដេចតេជោ ក៏បានទន្ទឹងរង់ចាំក្នុងការទទួលការធ្វើទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្រ្តីឥណ្ឌា ក្នុងការចូលរួមកិច្ចប្រជុំកំពូល នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះផងដែរ។

កម្ពុជា-ឥណ្ឌា បានបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងតាំងពីឆ្នាំ១៩៨១ ក្រោយពេលមានការអាក់ខានដោយសារកម្ពុជាមានការលំបាក ប៉ុន្តែឥណ្ឌាជាប្រទេសទី១ នៅលើពិភពលោក ដែលបានទទួលស្គាល់កម្ពុជា ហើយបានបង្កើតទំនាក់ទំនងការទូតជាមួយកម្ពុជា។ គិតមកដល់ឆ្នាំ២០២២ គឺជាខួបទី៧០ នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ឥណ្ឌានៅឆ្នាំនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដើម្បីប្រារព្ធខួបទី៧០ នៃទំនាក់ទំនងទ្វេភាគីនេះ ប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា បានឯកភាពក្នុងការត្រៀមបញ្ជីសកម្មភាពធ្វើរួមគ្នា ដើម្បីអបអរសាទរនៃការបង្កើតទំនាក់ទំនងទ្វេភាគីនេះ នៅក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជារវាងប្រជាជនទាំងពីរផងដែរ។

ចំណែកលោកនាយករដ្ឋមន្ត្រីឥណ្ឌា បានសម្ដែងការពេញចិត្តចំពោះការសន្ទនានៅថ្ងៃនេះ ព្រមទាំងបានចូលរួមការកាន់ទុក្ខចំពោះការបាត់បង់បងប្រុសរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺសម្ដេចឧត្ដមទេពញាណ ហ៊ុន ណេង ផងដែរ។ លោកបានគូសបញ្ជាក់ថា ឥណ្ឌា និងកម្ពុជា មានទំនាក់ទំនងយូរលង់មកហើយ តាំងពីសម័យបុរាណមកម្ល៉េះ ជាពិសេសប្រទេសទាំងពីរដែលមានការទំនាក់ទំនងរវាងវប្បធម៌ និងស៊ីវីល័យ ពិសេសតាមការឆ្លុះបញ្ចាំងដូចជា ប្រាសាទអង្គរវត្តជាដើម៕