(ភ្នំពេញ)៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ នេះ, មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ៤១ ៩៤១ ៦៥៩ ១០០រៀល និង ២ ៨៩៦ ២៨២ដុល្លារអាមេរិក ដោយរួមទាំងថវិកាបរិច្ចាគចំនួន ៥២៤ ១៥៣ ដុល្លារអាមេរិក ដែលសប្បុរសជនបានបរិច្ចាគផ្ទាល់ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (ឬមន្ទីរពេទ្យគន្ធបុប្ផា សៀមរាប)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជា។

សេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងទៀតថា ក្នុងត្រីមាសទី១ ឆ្នាំ២០២២ នេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាចំនួន ២ ០១៣ ៤១២ ដុល្លារអាមេរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យ ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់កុមារនៅកម្ពុជា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។

ដោយឡែកសម្រាប់ ខែមេសានេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ៥៦៧ ៥៩២ ៥០០រៀល និង ១១៥ ៥០១ ដុល្លារអាមេរិក ពីសប្បុរសជនសរុបចំនួន ១៦ ៤៥២ រូប ដែលរួមមាន សមាជិកកិត្តិយស៤ រូប, សមាជិកគាំទ្រ ១៤ ៧២៩ រូប និងសប្បុរសជនផ្សេងៗ ១ ៧១៩ រូប, ពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរក្នុងត្រីមាសទី១ ឆ្នាំ២០២២ និងព្រមទាំងថវិកាបរិច្ចាគតាមហិបគោលដៅមួយចំនួនផងដែរ។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តលើកទឹកចិត្តដល់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស មេត្តាចូលរួមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានពីរប្រភេទគឺ៖ (១) សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ (២) សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ” តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវា ជាមួយបណ្តាធនាគារដៃគូដែលរួមមាន ធនាគារ ABA, ACLEDA, Canadia, Chip Mong, Sathapana, Wing, Vattanac, J Trust Royal, Cambodian Public និង ភ្នាក់ងារ True Money ឬ តាមរយៈលេខទូរសព្ទ ០៦១ ៧០ ១១១១៕