(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស សមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ ប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយ សាខាបក្ស និងអនុសាខាបក្ស ចំណុះគណបក្សប្រជាជនកម្ពុជា ចំនួន ៤២៥នាក់ នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងពិធីនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បាននាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំគណបក្ស ជូនដល់សាខាបក្ស និងអនុសាខាបក្សទាំង៤២៥រូបផងដែរ។

លោកបណ្ឌិតបានលើកឡើងថា ក្នុងនាមជាសាខាបក្ស និងជាអនុសាខាបក្សរបស់គណបក្ស ត្រូវខិតខំធ្វើយ៉ាងណាដើម្បីបំពេញកាតព្វកិច្ចឲ្យបានល្អ និងត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងត្រូវចាប់ផ្តើមនូវថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។ លោកបណ្ឌិត បានសង្កត់ធ្ងន់ថា បើគណបក្សយើងឈ្នះ យើងឈ្នះទាំងអស់គ្នា តែបើគណបក្សយើងចាញ់ យើងចាញ់ទាំងអស់គ្នា ដូចច្នេះយើងត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីទទួលបានជ័យជំនះ សម្រាប់ការបោះឆ្នោតនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

លោកបណ្ឌិតបានរំលឹកអំពីប្រវត្តិរបស់គណបក្ស ក្នុងការតស៊ូរំដោះប្រទេសជាតិនិងប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឲ្យប្រទេសយើងមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ដោយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ហើយបានធ្វើការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនដោយកម្ពុជាសព្វថ្ងៃនេះ ជាប់ចំណាត់ថ្នាក់លេខ៧ លើពិភពលោកក្នុងនាមជាប្រទេសមានការអភិវឌ្ឍលឿន។

លោក អូស្មាន ហាស្សាន់ បានបន្តថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់ អាស៊ាន និងជាប់ចំណាត់ថ្នាក់លេខ២ លើសកលលោក ជាប្រទេសដែលចាក់វ៉ាក់សាំងជូនប្រជាជនបានច្រើន។

ជាមួយគ្នានោះ លោកបានណែនាំប្រជាពលរដ្ឋឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព បន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងប្រញាប់ប្រញាល់ទៅទទួលវ៉ាក់សាំងដូសជំរុញលើកទី៣ ឬលើកទី៤ ព្រមទាំងនាំកូនចៅរបស់ខ្លួនទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងត្រូវរៀនរស់ជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ជាពិសេសអនុវត្តតាម ការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាខាបក្ស និងអនុសខាបក្ស របស់គណបក្សដែលបានខិតខំប្រឹងប្រែងកន្លងមក ហើយក៏បានជំរុញដល់អង្គពិធីទាំងអស់ ឲ្យចូលរួមឲ្យសកម្មបន្ថែមទៀតក្នុងការបំពេញតួនាទីរបស់ខ្លួន ព្រោះទាំងអស់គ្នា ជាផ្នែកមួយដ៏សំខាន់សម្រាប់គណបក្សប្រជាជនកម្ពុជា៕