(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាព ចាប់រំលោភនារីម្នាក់តែមិនបាន សម្រេច លុះដល់វេលាម៉ោង១០ព្រឹក ជនសង្ស័យត្រូវបាននារីរងគ្រោះប្រទះឃើញ ដោយចៃដន្យនៅមុខភោជនីយដ្ឋានថ្មដា ហើយបានរាយការណ៍ទៅកម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករា ធ្វើការឃាត់ខ្លួនបានភ្លាមៗ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១២៖២០នាទីយប់ រំលងអាធ្រាត្រឈានចូលថ្ងៃ១៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុច ផ្ទះជួលលេខ៩៤ ខាងក្រោយភោជនីយដ្ឋានថ្មដា ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។ សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះមាន ឈ្មោះ(រ រ ន) អាយុ២០ឆ្នាំ មុខរបរធ្វើនៅភោជនីយដ្ឋាន ស្នាក់នៅផ្ទះជួលលេខ៩៤ ខាងក្រោយភោជនីយដ្ឋានថ្មដា ក្នុងសង្កាត់ មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ចំណែកជនសង្ស័យមានឈ្មោះ ឡុង វណ្ណសុក្រិត ហៅអ៊ូខុង អាយុ២៤ឆ្នាំ មុខរបរ និងកន្លែងស្នាក់នៅមិនពិតប្រាកដ។
សមត្ថកិច្ចបន្តថា «មុនពេលកើតហេតុនារីរងគ្រោះ ទើបតែចេញពីធ្វើការ ត្រឡប់មកផ្ទះវិញ ហើយក៏បានប្រទះឃើញជនសង្ស័យ ខាងលើ បន្ទាប់មកនារីរងគ្រោះ ក៏បានឡើងជណ្ដើរទៅលើ ស្រាប់តែជនសង្ស័យឡើងតាមពីក្រោយ ខណៈដល់ចំណុចមុខផ្ទះជួល ជនសង្ស័យ ក៏បានចាប់នារីរងគ្រោះស្រាតសំពត់ ភ្លាមនោះនារីរងគ្រោះក៏ស្រែកឲ្យគេជួយ ជនសង្ស័យភ័យពេក ក៏បានរត់គេចខ្លួនបាត់ សម្រោលតែមង្ត លុះដល់វេលាម៉ោង១០ព្រឹក ជនសង្ស័យត្រូវបាននារីរងគ្រោះប្រទះឃើញ ដោយចៃដន្យនៅចំណុចភោជនីយដ្ឋាន ថ្មដា និងបានរាយការណ៍ទៅកម្លាំង ព្រហ្មទណ្ឌខណ្ឌ៧មករា ធ្វើការឃាត់ខ្លួនបានភ្លាម»។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករា បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕