(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៦ បានអនុញ្ញាតឲ្យ លោក Micheal White ប្រធានក្រុមបេសកកម្ម របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ។
លោកបណ្ឌិតរដ្ឋមន្ត្រី បានសម្តែងនូវការ ស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ Micheal White ប្រធានក្រុមបេសកកម្ម របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្រមទាំងបានសម្តែងនូវការអរគុណចំពោះ ABD ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ របស់ក្រសួងក្នុងការអភិវឌ្ឍជនបទ ជាពិសេសការកសាង និងកែលម្អផ្លូវជនបទ និងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតាមជនបទ ដែលជាកត្តាសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅជនបទ។
លោកបណ្ឌិតរដ្ឋមន្ត្រី បានស្នើឲ្យ ADB បង្កើនការគាំទ្រដល់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដើម្បីឆ្លើយតបទៅនឹងគ្រោះរាំងស្ងួត ដែលបានធ្វើឲ្យប្រជាពលរដ្ឋ នៅតាមជនបទប្រឈននឹងគ្រោះថ្នាក់ ដោយសារខ្វះទឹកស្អាតប្រើប្រាស់ ដូចជានៅក្នុងឆ្នាំ ២០១៦នេះ។
ទន្ទឹមគ្នានេះ លោកបណ្ឌិតរដ្ឋមន្ត្រី ក៏បានស្នើឲ្យ ABD ពិនិត្យលទ្ធភាពផ្តល់ការគាំទ្រ ដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់ប្រជាពលរដ្ឋនៅតាមជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបច្ចុប្បន្នមាននៅតាមបណ្តារខេត្តចំនួន ៨ ដើម្បីជួយដល់ប្រជាពលរដ្ឋជនបទ ឲ្យមានលទ្ធភាពបង្កើតមុខរបរ និងអាចរកការងារធ្វើសមស្រប ដើម្បីជួយលើកកម្ពស់ជីវភាព រស់នៅរបស់ពួកគាត់ឲ្យមានភាពល្អប្រសើរ។
ដោយឡែក លោក Micheal White បានសម្តែងនូវការអរគុណចំពោះ លោកបណ្ឌិតរដ្ឋមន្ត្រីក៏ដូចជា មន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អដល់ ADB និងបានជម្រាបជូន លោករដ្ឋមន្ត្រីពីតំណើរការអនុវត្តគម្រោង ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជំហាន២ ដែលត្រូវបន្តរហូតដល់ ឆ្នាំ២០១៩ខាងមុខ នៅក្នុងខេត្តគោលដៅចំនួន៦រួមមាន៖ ខេត្តកំពង់ឆ្នាំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ។
លោក Micheal White បានបញ្ជាក់ថា គម្រោងនេះ បានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០១០ ហើយត្រូវបញ្ចប់ក្នុងឆ្នាំ ២០១៥ ក្រោមជំនួយឥសំណងរបស់ ADB ចំនួន២១លានដុល្លារ។ ប៉ុន្តែដោយមើលឃើញពីតម្រូវការចាំ បាច់របស់កម្ពុជាលើកការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ADB បានផ្តល់ការគាំទ្រហិរញ្ញវត្ថុបន្ថែម១៥លានដុល្លារ ហើយ ABD នឹងជួយកៀរគរថវិកាជំនួយឥសំណង ពីប្រភពផ្សេងៗទៀតចំនួន០៥លានដុល្លារបន្ថែមទៀត ដើម្បីឲ្យគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជំហាន២នេះ អាចបន្តការអនុវត្តរហូតដល់ឆ្នាំ២០១៩ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋនៅតាមជនបទ។
ចុងក្រោយភាគីទាំងពីរ បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការគ្នាល្អ ដើម្បីបន្តការអភិវឌ្ឍជនបទឲ្យត្រូវតាមតម្រូវការរបស់ប្រជាពលរដ្ឋ៕