(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញសម្ពោធ និងបើកឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវមួយខ្សែប្រវែង១០គីឡូម៉ែត្រពីសំបូរទៅជើងពាត ស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ។

តាមការបញ្ជាក់របស់លោក លឹម ជាវហា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានឲ្យដឹងថា ផ្លូវក្រាលកៅស៊ូ១ខ្សែ ដែលភ្ជាប់ភូមិសំបូរ ឃុំសំបូរភ្ជាប់ទៅកាន់ ភូមិជើងពាត ឃុំកោះខ្ញែ ដែលផ្លូវនេះកាលមុនជាផ្លូវដីមានអូរច្រើន ធ្វើដំណើរតាមផ្លូវគោកមានការលំបាកខ្លាំង រហូតដល់ឆ្នាំ២០០៤ លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលកាលនោះលោកជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ ចុះជួយខេត្តក្រចះ បានផ្ដួចផ្ដើមរៀបចំសាងសង់ជាផ្លូវក្រាលក្រួសក្រហម។

ដោយផ្លូវនេះមានចរាចរណ៍ច្រើន លោក វ៉ា ថន អភិបាលខេត្ត បានណែនាំមន្ទីរស្នើគម្រោងផ្លូវកៅស៊ូក្រសួងអភិវឌ្ឍន៍ជនបទ ដែលចាប់សាងសង់ក្នុងខែមេសា ឆ្នាំ២០២០ សម្រេចស្ថាពរ ក្នុងដើម២០២២នេះ ដែលមានប្រវែង១០គ.ម ផ្ទៃចរាចរណ៍៥ម ចិញ្ចើមម្ខាង០.៥ម មានស្ពានបេតុង៣កន្លែង លូមូល១៩កន្លែង លូប្រអប់៦កន្លែង បានដាក់ស្លាកសញ្ញា និងបង្គោលចរាចរណ៍ត្រឹមត្រូវ ចំពោះគំនូសចរាចរណ៍ បានគូសមុនចប់ធានានូវសុពលភាព។

លោក វ៉ា ថន បានថ្លែងថា ចំពោះសមិទ្ធផលសម្រេចបាន គឺបានមកពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេលកន្លងមក ពិតជាមិនអាចកាត់ផ្តាច់ ចេញពីកត្តាសុខសន្តិភាពបានឡើយ ព្រោះប្រសិនបើប្រទេសជាតិមានសង្គ្រាម យើងមិនអាចដឹកនាំកសាង និង អភិវឌ្ឍន៍ប្រទេសរីកចម្រើនដូចបច្ចុប្បន្ននេះទេ ពិសេសយើងក៏មិនអាចរៀបចំធ្វើពិធីសម្ភោធផ្លូវនេះបានដែរ ហើយសន្តិភាពដែលយើងកំពុងមាននាពេលនេះ គឺបានមកដោយសារការលះបង់អាយុជីវិតរបស់អ្នក ស្នេហាជាតិ ពិសេស សម្ដេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកនៃសន្តិភាព ដូច្នេះលោកស្នើពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមការពារសុខសន្តិភាពមួយនេះ ទោះក្នុងតម្លៃណាក៏ដោយ។

លោកបន្តទៀតថា «មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម បងប្អូនមានស្នាមញញឹម ហើយរាជរដ្ឋាភិបាលកម្ពុជា គឺតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ភូមិ ឃុំរបស់ ជានិច្ច ដោយមិនមើលរំលង នូវការលំបាកការរបស់បងប្អូនប្រជាពលរដ្ឋឡើយ ដើម្បីសម្រួលដល់ជីវភាពរបស់បងប្រជាពលរដ្ឋ កាន់តែប្រសើរឡើង»។

លោក វ៉ា ថន ក៏បានស្នើសុំដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាជួយថែរក្សាផ្លូវមួយខ្សែនេះ ឲ្យបានយូអង្វែង ដែលជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗទៀត ទី១ កុំចាក់ដីលុបលើផ្លូវ និងប្រឡាយអមផ្លូវ ២ កុំដឹកជញ្ជូនដោយផ្ទុកទម្ងន់លើកំណត់ ៣ កុំបើកបរគ្រឿងចក្រកង់ដែក (ប៊ុល អិច គោយន្តកង់សម្រាប់ភ្ជួរដី) ផ្ទាល់លើផ្លូវ និង អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់កុំភ្លេចទៅ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខទាំងអស់គ្នាៗ៕