(កណ្តាល)៖ មេបញ្ជាការវរៈនគរបាលការពារព្រំដែន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោក លុយ ធៀម បានចេញមកបដិសេធថា គ្មាននោះទេល្បែងជល់មាន់ នៅក្នុងបន្ទាយរបស់ខ្លួន ពោលមិនដែលមានសោះឡើយតាំងពីដើមមក។
ការថ្លែងបដិសេធរបស់វរៈនគរបាលការពារព្រំដែនរូបនេះ បានធ្វើឡើងក្រោយពេលដែល ប្រជាពលរដ្ឋ រស់នៅស្រុកកោះធំ បានផ្ញើទាំងរូបភាព និងព័ត៌មាននៃការបើកសង្វៀនជល់មាន់ដ៏ធំដុះស្លែមួយនេះ នៅក្នុងបន្ទាយវរៈ៦០៥ ប៉ុន្តែកម្លាំងសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថខេត្ត ជាពិសេសគណៈបញ្ជាការឯកភាពស្រុក មិនបានចុះទៅបង្ក្រាបនោះទេ។ ថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ លោក លុយ ធៀម បានបញ្ជាក់ថា «អត់មានទាល់តែសោះ ល្បែងនេះនៅកន្លែងខ្ញុំ តាំងពីដើមមក និងរហូតមកដល់ពេលនេះ។ ខ្ញុំសូមនិយាយការពិត រឿងនេះមានអ្នកអុជអាលនាំឲ្យមានបញ្ហាដល់ខ្ញុំ»។
សូមបញ្ជាក់ថា ដោយសារតែគ្មានការចុះបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចខេត្តកណ្តាល ទាំងនគរបាល និងកម្លាំងអាវុធហត្ថ ព្រមទាំងកម្លាំងគណ:បញ្ជាការឯកភាពស្រុកនោះ បានជំរុញឲ្យប្រជាពលរដ្ឋ បានផ្ញើសារ និងរូបថតមកកាន់អង្គភាព Fresh News ដើម្បីចុះផ្សាយពីល្បែងជល់មាន់ដ៏ធំ ស្ថិតនៅក្នុងបន្ទាយវរ:ព្រំដែន៦០៥ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល ដែលបានបើកដំណើរការជាង១ឆ្នាំ មកហើយ ធ្វើឲ្យមានការទាក់ទាញយ៉ាងខ្លាំង ដែលពីមុនភាគច្រើនជាជនជាតិវៀតណាម ប៉ុន្តែឥឡូវនេះ ជនជាតិខ្មែររាប់រយនាក់ បានសម្រុកទៅលេងយ៉ាងច្រើនកកកុញ។ ប្រជាពលរដ្ឋរូបនេះទំនងសាច់ញាតិរបស់ខ្លួន លង់ខ្លួនជាមួយល្បែងជល់មាន់មួយនេះ បាននិយាយថា ល្បែងអបាយមុខនេះ បានធ្វើឲ្យមានជម្លោះក្នុងគ្រួសារ រហូតវាយតប់គ្នា បំផ្លាញទ្រព្យសម្បត្តិ និងលែងលះគ្នាទៀតផង ដូច្នេះហើយមានតែការលុបបំបាត់ទេ ទើបអាចបញ្ចប់ស្ថានភាពទាំងនេះ។
សាររបស់ប្រជាពលរដ្ឋដែលផ្ញើមកកាន់អង្គភាពយើងខ្ញុំ មានអត្តន័យយ៉ាងដូច្នេះថា «ទីតាំងគឺក្នុងបន្ទាយវរ:ព្រំដែន ៦០៥ ដែលមានលោក លុយ ធៀម ជានាយក ស្ថិតនៅ ភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។ ទីតាំងនេះបានដំណើរការជាង ១ ឆ្នាំហើយ សង្ស័យមានពាក់ព័ន្ធតាំងពីឃុំ ស្រុក ខេត្តទៅ ពីព្រោះនរណាក៏ដឹងដែរអំពីទីតាំងនេះ តែគ្មានដែលឃើញប៉ូលីស និងប៉េអឹម ណាអើតកេសាមើលទេ។ អភិបាលខេត្តក៏ធ្លាប់ទៅដល់ទីនោះដែរ។ ពិចារណា? ខំធ្វើផ្លូវ ធ្វើប្រឡាយធ្វើសាលា ១លានទៀតក៏ប្រជាជននៅតែខឹងដែរ ព្រោះកន្លែងដែលប្រជាជនត្រូវការជួួយ អាជ្ញាធរធ្វើមិនដឹង។ លុយកាក់ដែលខំរកទាំងលំបាក ត្រូវរលាយដោយល្បែងអបាយមុខនេះ។ ប្តីប្រពន្ធឈ្លោះគ្នា គ្រួសារបែកបាក់ ព្រាត់ប្រាស់និរាស ចុងបញ្ចប់លក់ខ្ទេចលក់ខ្ទី លក់ទាំមនះសិការ ស្អប់រាជរដ្ឋាភិបាលដែលមិនជួយអោយគាត់មានបានដូចគេ»៕