(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅអគារផ្សារមូលបត្រកម្ពុជា និងតាមរយៈប្រព័ន្ធអនឡាញហ្សូម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបិទសន្និសីទជាតិស្តីពីផ្សារមូលបត្រកម្ពុជា «មួយទសវត្សរ៍នៃការអភិវឌ្ឍផ្សារ មូលបត្រកម្ពុជា និង ដំណើរឆ្ពោះទៅមុខ» ដែលមានអ្នកចូលរួមជាថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន, វិស័យឯកជន, ដៃគូអភិវឌ្ឍ, សមាគម, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ៤០០នាក់។

ពិធីបិទអង្គសន្និសីទនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា និងមានការចូលរួមពី លោកអនុរដ្ឋ-លេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា, ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី តំណាងក្រសួង ស្ថាប័ន, វិស័យឯកជន, ដៃគូអភិវឌ្ឍ, សមាគម, ព្រមទាំងភ្ញៀវកិត្តិយសជាតិ និង អន្តរ-ជាតិ។

អង្គសន្និសីទនេះ បានសម្រេចនូវផ្លែផ្កាយ៉ាងច្រើនដល់អ្នកពាក់ព័ន្ធ ដែលបានចូលរួម ពិសេស ការទទួលបានចំណេះដឹង ព័ត៌មាន ទិន្នន័យ និង និន្នាការនៃដំណើរវិវឌ្ឍទៅមុខ នៃវិស័យមូលបត្រកម្ពុជា។

ថ្លែងក្នុងពិធីនេះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា សន្និសីទជាតិដែលមានរយៈពេល ៣ ថ្ងៃ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការយល់ដឹងជាសាធារណៈអំពីផ្សារមូលបត្រ និងតួនាទីក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ, ផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការធ្វើហិរញ្ញប្បទានមូលធនពីផ្សារមូលបត្រកម្ពុជា សម្រាប់វិស័យ ឯកជន និងផ្សព្វផ្សាយសក្តានុពលវិនិយោគនៅក្នុងវិស័យមូលបត្រកម្ពុជា ទៅកាន់វិនិយោគិន ទាំងក្នុងស្រុក និងបរទេស។

សន្និសីទនេះ ក៏បានផ្តល់ឱកាសផង ដល់សាធារណជន, សហគ្រិន និងវិនិយោគិន ឱ្យបានយល់ជ្រួតជ្រាបបន្ថែមអំពីវឌ្ឍនភាពនានារបស់ផ្សារមូលបត្រកម្ពុជា ដែលអាចជាមូលដ្ឋាន ក្នុងការទាញអត្ថប្រយោជន៍ថ្មីៗ ពីសក្តានុពលរីកលូតលាស់ខ្លាំងឡើងនៃផ្សារមូលបត្រកម្ពុជា។

លោករដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ វាគ្មិន និងសហការី ដែលបានដឹកនាំសម្របសម្រួល និងជំរុញឱ្យកិច្ចពិភាក្សា ប្រព្រឹត្តទៅដោយភាពរស់រវើក តាមរយ:ការធ្វើបទបង្ហាញ, កិច្ចពិភាក្សា និង ការផ្លាស់ប្តូរមតិគ្នាទៅវិញទៅមក យ៉ាងផុសផុល និង សកម្ម ។

លោករដ្ឋលេខាធិការ មានសុទិដ្ឋិនិយមថា កិច្ចពិភាក្សា និង ការផ្លាស់ប្តូរមតិគ្នាអំឡុងសន្និសីទនេះ បានជួយស្រាយបំភ្លឺ, ដោះគន្លឹះបញ្ហាសំខាន់ៗ ដែលបានរាំងស្ទះដល់ការអភិវឌ្ឍផ្សារមូលបត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានរកឃើញដំណោះស្រាយផ្សេងៗ ដើម្បីធ្វើការឆ្ពោះទៅមុខបន្តទៀត ។

ឆ្លៀតក្នុងឱកាសសន្និសីទនេះ ផ្សារមូលបត្រកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីទូរសព្ទដៃ CSX Trade ដែលជាកម្មវិធីមួយ ផ្តល់ភាពងាយស្រួលទៅដល់វិនិយោគិនក្នុងការជួញដូរមូលបត្រ ជាពិសេស ងាយស្រួលក្នុងការតាមដាន និងទទួលបានព័ត៌មាន ពាក់ព័ន្ធនឹងវិស័យមូលបត្រ ទាន់ពេលវេលា និង គ្រប់ទីកន្លែង។

សមិទ្ធផលជាច្រើនក្នុងវិស័យមូលបត្រ រួមជាមួយនឹងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា និងការដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តដទៃទៀត នឹងធ្វើឱ្យផ្សារមូលបត្រកម្ពុជាបន្តពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួន ក្នុងការវិវឌ្ឍឈានឡើង កាន់តែកៀកកិតនឹងទីផ្សារមូលបត្រនានា ក្នុងតំបន់ ។

លោកបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានបន្ថែមទៀតថា ដោយទទួលបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់របស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លោករដ្ឋលេខាធិការ ប្តេជ្ញាចូលរួមជាមួយគ្រប់តួអង្គពាក់ព័ន្ធ ក្នុងការរួមសហការគ្នាជិតស្និទ្ធបន្ថែមទៀត លើការជំរុញឱ្យពិនិត្យ អនុវត្តបន្ថែមនូវសកម្មភាពយុទ្ធសាស្ត្រ សំដៅពន្លឿន និង ពង្រឹងការអភិវឌ្ឍផ្សារមូលបត្រកម្ពុជា ឱ្យរីកចម្រើនខ្លាំងក្លា ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ៕