(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែឧសភានេះ បានអនុញ្ញាតឱ្យ លោក ចាង លិ អគ្គនាយក និងជាប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធអចលនទ្រព្យហ្វូលិ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅឯភូមិគ្រឹះសម្ដេច ក្នុងរាជធានីភ្នំពេញ។
នៅក្នុងជំនួបពិភាក្សានោះ លោក ចាង លិ បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា សហគ្រាសរបស់លោកគឺជាសហគ្រាសធំមួយ នៅប្រទេសចិន ដែលមានទុនវិនិយោគជាង១០ពាន់លានដុល្លារអាមេរិក និងអាចរកប្រាក់ចំណេញបានជាង២,០០០លានដុល្លារ។
លោកបានបន្ថែមថា សហគ្រាសរបស់លោក បានចាប់អារម្មណ៍ ក្នុងការមកវិនិយោគនៅប្រទេសកម្ពុជា ហើយរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានជំរុញឲ្យសហគ្រាសរបស់លោក មកវិនិយោគនៅក្រៅប្រទេសដែរ ជាពិសេសនៅកម្ពុជា។
លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានជម្រាបអ្នកសារព័ត៌មាន នៅក្រោយជំនួបនោះថា លោក ចាង លិ មានបំណងមកបណ្ដាក់ទុននៅកម្ពុជា ដូចជា គ្រោងបង្កើតរោងចក្រផលិតបារី នៅខេត្ត ព្រះសីហនុ និងបណ្ដាក់ទុនលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិស័យអចលនទ្រព្យ។ លោកនាយកខុទ្ទកាល័យបានបន្តថា លោក ចាង លិ បានស្នើសុំ សម្តេចប្រធានរដ្ឋសភាជួយគាំទ្រ ដល់ការវិនិយោគរបស់លោកនៅប្រទេសកម្ពុជា។
សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានស្វាគមន៍ និងគាំទ្រចំពោះការវិនិយោគ របស់សហព័ន្ធអចលនទ្រព្យហ្វូលិ នៅប្រទេសកម្ពុជា។ សម្តេចបានបន្តថា បច្ចុប្បន្នប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ ដូច្នេះទិសដៅតែមួយគត់ របស់កម្ពុជាសព្វថ្ងៃ គឺជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ឲ្យបានខ្លំាងក្លា។ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា តែងតែជំរុញនិងលើកទឹកចិត្ត វិនិយោគិនបរទេស មកបណ្តាក់ទុននៅកម្ពុជាឲ្យបានច្រើន ដើម្បីជាកម្លាំងចលករ ក្នុងការកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យមានការ រីកចម្រើនឡើង។
សម្តេតបានថា ក្នុងរយៈពេលចុងក្រោយនេះ វិស័យអចលនទ្រព្យនៅកម្ពុជា បាននឹងកំពុងរីកចម្រើនយ៉ាងខ្លំាង ដែលជាឱកាសមួយ ល្អសម្រាប់សហព័ន្ធអចលនទ្រព្យហ្វូលិ មកបណ្តាក់ទុន៕