(ស្វាយរៀង)៖ យោងតាមសំណើរបស់ព្រះសង្ឃ អាចារ្យ គណ:កម្មាធិការវត្ត និងប្រជាពលរដ្ឋ៣ឃុំ-សង្កាត់ គឺឃុំពពែត ឃុំព្រៃតាអី សង្កាត់ច្រកម្ទេស នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោកស្រី ប៉ែន ចន្នី បានឧបត្ថម្ភការចាក់ថ្មមិច ធ្វើផ្លូវប្រវែង២៥៥០ម៉ែត្រឡើងវិញ ដែលបច្ចុប្បន្នត្រូវខូចខាតទាំងស្រុង ដែលពិធីនេះបានធ្វើឡើងដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន និងលោកស្រី ព្រមទាំងក្រុមការងារលោក លឹម សៀងហេង អភិបាលក្រុងបាវិត លោកចៅសង្កាត់ច្រកម្ទេស ប្រជាពលរដ្ឋ និងព្រះសង្ឃផងដែរ។

បើតាមលោក ហួត សាម៉ៃ ចៅសង្កាត់ច្រកម្ទេស ក្រុងបាវិត បានឲ្យដឹងថា ដោយមើលឃើញនូវការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការធ្វើដំណើរដឹកកសិផលប្រកបមុខរបរប្រចាំថ្ងៃ និងការធ្វើដំណើររបស់កម្មកររោងចក្រ សិស្សានុសិស្ស លោកឧត្តមសេនីយ៍ឯក យិន ចាន់ធួន មេបញ្ជាការកងអន្តរាគមន៍៥៩៤ បានឧបត្ថម្ភថ្មមិចមកចាក់លើផ្លូវប្រវែង២៥០០ម៉ែត្រ ដើម្បីជួសជុលកែលម្អឡើងវិញ ក្នុងនោះលោក លឹម សៀងហេង អភិបាលក្រុងបាវិត ក៏បានយកគ្រឿងចក្រមកឈូសឆាយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែមានភាពងាយស្រួលផងដែរ។

លោកចៅសង្កាត់បានបន្តថា «ផ្លូវមួយខ្សែនេះមិនត្រឹមតែសម្រួលដល់ការធ្វើដំណើរនៅក្នុងសង្កាត់ច្រកម្ទេស តែមួយប៉ុណ្ណោះទេ ប៉ុន្តែវាអាចសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋចំនួន៣ឃុំ សង្កាត់គឺសង្កាត់ច្រកម្ទេស ឃុំព្រៃតាអី ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ហើយក្នុងនាមក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរដែនដី សូមថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ឯក យិន ចាន់ធួន និងលោកស្រី ព្រមទាំងលោក លឹម សៀងហេង អភិបាលក្រុងបាវិត ដែលបានខ្វល់ខ្វាយអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយបានសម្រួលដល់ការធ្វើដំណើរប្រជាពលរដ្ឋ ទាំងនេះជាការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរដែនដី ក៏ដូចជាថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា»

លោក លឹម សៀងហេង បានឲ្យដឹងថា សម្រាប់ការជួសជុលផ្លូវកែលម្អរ លើផ្លូវនេះ លោកសុំការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ សូមជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុលឡើងវិញផងដែរ ហើយសូមថ្លែងអំណរគុណលោកឧត្តមសេនីយ៍ឯក ជិន ចាន់ធួន និងលោកស្រី ដែលបានជួយឧបត្ថម្ភទាំងថវិកា ក្នុងការជួសជុល កែលម្អរឡើងវិញជាពិសេសសូមមានការយោគយល់ពីពលរដ្ឋ ដែលនាំឱ្យមានការហុយធូលីទៅលើចូលផ្ទះសម្បែងជាដើម។

លោកឧត្តមសេនីយ៍សេនីយ៍ឯក យិន ចាន់ធួន បានថ្លែងថា ការអភិវឌ្ឍប្រទេសអាចដំណើរការទៅបានដោយសារប្រទេសជាតិយើង មានសន្តិភាព ហើយសន្តិភាពនេះគឺមានតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ដូច្នេះប្រជាពលរដ្ឋគ្រប់រូប ត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាពនេះឲ្យគង់វង្សយូរអង្វែង។

លោកឧត្តមេសនីយ៍ឯក បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលបានផ្លូវល្អហើយនោះត្រូវចេះថែរក្សាអោយបានគង់វង្សយូអង្វែងសម្រាប់ប្រើប្រាស់ ហើយក៏សូមឲ្យបងប្អូនយើងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសគឺចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកបន្តថា ដើម្បីឆ្លើយតបនឹងគុណបំណាច់របស់សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការគាំទ្រការដឹកនាំរបស់សម្តេចតេជោ និងអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតគាំទ្រសម្តេចតេជោជានាយករដ្ឋមន្រ្តីក្នុង២០២៣ និងឆ្នាំបន្តៗទៀតផងដែរ ៕