(កំពង់ធំ)៖ លោក ថោង ខុន សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៍ កាលពីម្សិលមិញ បានចុះប្រកាសសុពលភាព ថ្នាក់ដឹកនាំយុវជន CPP តាមភូមិ-ឃុំមួយចំនួន នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ពិធីនេះ មានការចូលរួមពីប្រធានយុវជនគណបក្សខេត្ត ស្រុក-ឃុំ, ក្រុមការងារថ្នាក់ក្រសួងចុះជួយស្រុក-ឃុំ-ភូមិ, ប្រធាន-អនុប្រធាន, សមាជិកគណ:កម្មាធិការគណបក្សស្រុក-ឃុំ-សាខាបក្សភូមិ, និងសកម្មជនយុវជនបក្សភូមិ ឃុំ ស្រុកបារាយណ៍ សរុបចំនួន១៤០០នាក់។
ប្រធានគណបក្សស្រុកបានឱ្យដឹងថា សកម្មជនយុវជនបក្សស្រុកបារាយណ៍ គឺកើតចេញពីការបោះឆ្នោតតាមឃុំទាំង១៨ និងភូមិចំនួន១៨៤ភូមិ ដែលបានចាប់ផ្តើមដំណើរការជ្រើសរើសចាប់ពីខែមិនា ឆ្នាំ២០១៦ កន្លងទៅ ដោយបានសម្រេចជ្រើសរើសសកម្មជនយុវជនបក្ស ចំនួន១០៨៨នាក់ (យុវជនភូមិ៩៥៧នាក់ និងយុវជនឃុំ១៣១នាក់) ហើយក៏បានរៀបចំពិធីប្រកាសទទួលស្គាល់ នាពេលនេះតែម្ដង។
លោក ថោង ខុន បានជួបសំណេះសំណាល និងណែនាំដល់សកម្មជនយុវជន ឱុ្យបានដឹងច្បាស់ពីប្រវត្តិគុណបំណាច់ស្នាដៃ និងការតស៊ូរបស់គណបក្ស ក្នុងការផ្តួលរលំរបបប្រល័យពូជសាសន៍ ការស្តារ និងកសាងប្រទេសឡើងវិញ ចាប់ពីបាតដៃទទេរ រហូតដល់មានការអភិវឌ្ឍរីកចម្រើន មកដល់សព្វថ្ងៃនេះ។
លោកបានផ្តាំផ្ញើដល់អង្គប្រជុំ ពិសេសយុវជនគណបក្ស ដែលទើបជាប់ឆ្នោតជាកម្លាំងស្នូល និងជាអ្នកបន្តវេនថ្មីរបស់គណបក្សត្រូវខិតខំថែរក្សា ការពារស្នាដៃ និងសមិទ្ធផលនានារបស់គណបក្ស ប្រកបដោយគោលជំហរ ស្មារតី និងភាពស្មោះត្រង់ជាមួយគណបក្ស ធ្វើជាជំនួយការ និងសេនាធិការដល់ក្រុមការងារក្នុងការគ្រប់គ្រង ពង្រឹង និងពង្រីកសមាជិកបក្ស មានកិច្ចសហការល្អជាមួយប្រជាជន មហាជន និងយុវជន៕