(កូឡុំប៊ី)៖ ក្រុមប៉ូលិសកូឡុំប៊ី បានចុះបង្ក្រាប និងរឹបអូសបានថ្នាំញៀនប្រភេទកូកាអ៊ីន ចំនួន ៨តោន ស្មើនឹង ២៤០លានដុល្លារ នៅតាមព្រំដែនប្រទេសប៉ាណាម៉ា ដែលនេះជាការរឹបអូសក្នុងទ្រង់ទ្រាធំបំផុត ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា។
គ្រឿងញៀនដ៏ច្រើនសន្ធឹកនេះ ត្រូវបានក្រុមប៉ូលិសចុះរឹបអូសបាននៅក្នុងចំការចេកមួយក្នុងតំបន់ Antioquia ជិតព្រំដែន ព្រំដែនប្រទេសប៉ាណាម៉ា ដោយតាមការប៉ាន់ប្រមាណរបស់អ្នកជំនាញបានបញ្ជាក់ថា វាមានតម្លៃស្មើនឹង ២៤០លានដុល្លារអាមេរិក។
ថ្នាំញៀននេះ ជាកម្មសិទ្ធិរបស់មេជួញដូរគ្រឿងញៀនដ៏ល្បីឈ្មោះម្នាក់ ដែលត្រូវបានគេស្គាល់ថា Clan Usuga ដែលបានរៀបចំត្រៀមបញ្ជូនទៅកាន់អាមេរិកកណ្ដាល តាមរយៈច្រកសមុទ្រ Caribbean Sea រួចបញ្ជូនបន្តទៅកាន់សហរដ្ឋអាមេរិក។
យោងតាមរបាយការណ៍របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ប្រទេសកូឡុំប៊ី ផលិតបានថ្នាំញៀនប្រភេទកូកាអ៊ីន ៤៤២តោន ក្នុងមួយឆ្នាំ ដែលកាលពីឆ្នាំកន្លងទៅ អាជ្ញាធរកូឡុំប៊ី រឹបអូសបាន ២៥២តោន៕