(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញឱ្យមន្រ្តីទាំងអស់ កាត់បន្ថយភាពអសកម្មក្នុងការងារ ហើយត្រូវធ្វើយ៉ាងណាបង្កើនយុត្តិធម៌សង្គម ដើម្បីឱ្យពលរដ្ឋទទួលយកបាន។ សម្តេចថា ការកាត់បន្ថយភាពអសកម្ម ហើយបង្កើនយុត្តិធម៌សង្គម នឹងមិនធ្វើឱ្យបដិវត្តន៍ពណ៌កើតមានឡើយ។
ការថ្លែងរបស់សម្តេចក្រឡាហោម បានធ្វើឡើងក្នុងឱកាស ខួបអនុស្សាវរីយ៍លើកទី៧១ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា នាទីស្តីការក្រសួងមហាផ្ទៃ ស្របពេលដែលមានសកម្មជនដីធ្លីមួយចំនួន បានស្លៀកពាក់ខ្មៅ នៅថ្ងៃចន្ទនេះ ដើម្បីទាមទារឱ្យមានការដោះលែងមន្រ្តីអាដហុក៤នាក់ និងសង្គមស៊ីវិលម្នាក់ ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន នាថ្មីៗនេះ ពាក់ព័ន្ធនឹងការស៊កប៉ាន់សាក្សី។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា «បដិវត្តន៍ពណ៌ ឬបដិវត្តន៍ប្រជាជនអាចនឹងកើតមាននោះ គឺដោយសារមានភាពអសកម្ម នៅការគ្រប់គ្រងរបស់យើង អាហ្នឹងយើងនិយាយការពិត បើការគ្រប់គ្រងការដឹកនាំរបស់យើង មិនបាច់ថាល្អឥតខ្ចោះនោះទេ ក៏ប៉ុន្តែនឹងរួមរស់បាន សង្គមហ្នឹងក៏អាចរួមរស់បានសុខទាំងអស់គ្នា វានឹងគ្មានហេតុផលដែលត្រូវមាន បដិវត្តពណ៌នោះទេ»។
សម្តេច ស ខេង បានជំរុញឱ្យមន្រ្តី សមត្ថកិច្ច ទទួលយកការទិទៀនទាំងឡាយណា ដែលមានភាពត្រឹមត្រូវ និងសមហេតុផល ហើយត្រូវដោះស្រាយរឿង ដែលប្រជាពលរដ្ឋបានតិទៀននោះ ប្រកបដោយប្រសិទ្ធភាព ដែលអាចទទួលយកបាន។ ជាមួយគ្នានេះ សម្តេចថា រាល់ការតិទៀនណាដែលមិនសមទំនង ក៏មិនគួរយកទៅដោះស្រាយដែរ។
សម្តេចថា «បើប្រជាជនទិទៀន រឿងគ្រប់គ្រងព្រៃឈើមិនល្អ យើងត្រូវដោះស្រាយធ្វើយ៉ាងម៉េចគ្រប់គ្រងព្រៃឈើឱ្យល្អ ដោះស្រាយដោយយុត្តិធម៌ និងឈរលើច្បាប់ យើងមិនត្រូវបង្រ្កាបតែអ្នកដទៃ ប៉ុន្តែខ្លួនយើងធ្វើខុសតែមិនទទួលខុសត្រូវ អាហ្នឹងហើយគេហៅថា “មិនយុត្តិធម៌” ទោះយើងនិយាយប្រកែកយ៉ាងម៉េចក៏ដោយ ក៏គេ (ពលរដ្ឋ) មិនស្តាប់យើងដែរ បញ្ហាគឺនៅត្រង់នេះ»៕