(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យមន្រ្តីជំនាញនានា ពន្លឿនការធ្វើអត្តសញ្ញាបណ្ណជូនប្រជាពលរដ្ឋ ហើយឱ្យប្រជាពលរដ្ឋ រាយការណ៍បើសិនជាមានមន្រ្តីនៅមូលដ្ឋានមានភាពអសកម្ម នៅក្នុងដំណើរការធ្វើអត្តសញ្ញាណបណ្ណនេះ។
នៅលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញលេខទូរស័ព្ទ ដើម្បីឱ្យប្រជាពលរដ្ឋរាយការណ៍ជុំវិញព័ត៌មាននៃការធ្វើអត្តសញ្ញាណបណ្ណរបស់ពួកគេ។
Facebook សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ «អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺតម្រូវឱ្យប្រជាពលរដ្ឋមានគ្រប់ៗគ្នា ដើម្បីសំគាល់ខ្លួនផង និងសម្រាប់ចូលរួមបោះឆ្នោតផង។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ជាច្រើនលើកមកហើយថា សេវាតម្រូវការចាំបាច់ដូចជាការធ្វើ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺត្រូវធ្វើឱ្យបានឆាប់ជូនប្រជាពលរដ្ឋ។ ដូច្នេះប្រសិនបើបងប្អូនមានបញ្ហានៅមិនទាន់បានទទួលអត្តសញ្ញាណប័ណ្ណថ្មីទេ គឺពេលនេះក្រុមការងារ “អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម“ នឹងដោះស្រាយជូនបងប្អូនទូទាំងប្រទេសឱ្យបានឆាប់តែម្តង»។
ការអំពាវនាវជាថ្មី របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនបានរាយការណ៍ អំពីភាពយឺតយ៉ាវ ក្នុងការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនពួកគេ។ ពលរដ្ឋបានរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែនថា រយៈពេលនៃការធ្វើអត្តសញ្ញាណប័ណ្ណ នៅតាមមូលដ្ឋានរបស់ពួកគេគឺ យូរខ្លាំងណាស់ អ្នកខ្លះរហូតដល់ជាងមួយឆ្នាំក៏មាន ហើយមិនទាន់បានទទួល ID នៅឡើយ។ សម្តេចបានចោទសួរថា តើមានករណីពិតបែបនេះពិតមែនទេ?
ពាក់ព័ន្ធករណីនេះប្រជាពលរដ្ឋជាច្រើនបានសម្តែងការពេញចិត្ត ចំពោះការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងមានភាពជឿជាក់លើ Facebook សម្តេចតេជោ ដែលពួកគាត់ផ្តល់ព័ត៌មានពិតៗដល់នាយករដ្ឋមន្រ្តី តាមរយៈ Facebook ហើយប្រជាពលរដ្ឋបានសម្តែងការថ្លែងអំណរគុណ ចំពោះជំរុញឱ្យមន្រ្តីជំនាញនានា ពន្លឿនការធ្វើអត្តសញ្ញាបណ្ណជូនប្រជាពលរដ្ឋឲ្យបានឆាប់។
ខាងក្រោមនេះ គឺជាលេខទូរស័ព្ទ មន្រ្តីដើម្បីឱ្យប្រជាពលរដ្ឋរាយការណ៍នៅពេលករណីចាំបាច់បន្ទាន់៖
លោក ឃៀង សុគន្ឋា ប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ Tel: 012-258-858
លោក ប៊ី ចានើធី អនុប្រធាន Tel: 012-880-990
លោក សឿ សុថា អនុប្រធាន Tel: 016-808-020៕