(កំពង់ស្ពឺ)៖ លោក ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ បានរៀបចំពិធីប្រគល់ទទួលទឹកសុទ្ធចំនួន៥ពាន់កេស ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបានធ្វើឡើងក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺ ដើម្បីទុកជូនសម្រាប់ចែកចាយដល់ ប្រជាពលរដ្ឋនៅក្នុងខេត្ត ខណៈតំបន់ខ្លះកំពុងតែមានការខ្វះខាត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

លោក វ៉ី សំណាង អភិបាលខេត្ត ដែលដឹកនាំមន្រ្តីក្រោមឱវាទទទួលទឹកនាថ្ងៃនេះ បានសម្តែងការកោតសរសើរ និងថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនផលិតស្រាបៀ Angkor ដែលបានឧបត្ថម្ភនូវទឹកសុទ្ធម៉ាក Angkor Poru ៥ពាន់កេសនេះ តាមរយៈក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

លោកបានបន្តថា «ក្រុមការងារយើងខ្ញុំ នឹងរៀបចំឱ្យក្រុមអ្នកជំនាញ ធ្វើការបែងចែកទឹកសុទ្ធទាំង៥ពាន់កេសនេះ ទៅដល់ប្រជាពលរដ្ឋតាមគោលដៅបន្ត ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ពួកគាត់ និងស្របតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។

សូមរំលឹកថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវ ឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមទាំងសប្បុរសជនបន្តជួយបងប្អូនប្រជាពលរដ្ឋ ដែលកំពុងត្រូវការទឹក បើទោះមានភ្លៀងធ្លាក់នៅតំបន់មួយចំនួន ក៏ដោយ ប៉ុន្តែនៅមិនទាន់គ្រប់តាមតម្រូវរបស់ប្រជាពលរដ្ឋប្រើបា្រស់នៅឡើយ៕