Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកបច្ចេកទេស ក្រសួងសុខាភិបាល បើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សាលាពុទ្ធិកបឋមសិក្សា «លី-ច័ន្ទដ្ឋា បាលីជ័យ» វត្តចំប៉ាចារុ៍ ស្រុកគងពិសី

16-05-2016 12:43

(កំពង់ស្ពឺ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេស ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ បានអញ្ជើញចូលរួមកម្មវិធីបុណ្យឆ្លង និងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសាលាពុទ្ធិកបឋមសិក្សា «លី-ច័ន្ទដ្ឋា បាលីជ័យ» និងសម្ធិផលនានា ស្ថិតនៅក្នុងវត្តចំប៉ាចារុ៍ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

កម្មវិធីបុណ្យនេះមានការនិមន្ត និងអញ្ជើញចូលរួម ពីព្រះតេជគុណអនុគុណស្រុកគងពិសី ព្រះតេជគុណធម្មធរស្រុកគងពិសី ព្រះចៅអធិការវត្ត ព្រះសង្ឃគង់នៅវត្តចំប៉ាចារុ៍ លោកអភិបាលនៃគណៈអភិបាលស្រុកគងពិសី មន្រ្តីរាជការនៃអគ្គនាយកដ្ឋាន បច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល អាជ្ញាធរមូលដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជា លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស និងប្រជាជនទូទៅ សរុបចំនួន ៩៩៩នាក់ ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងថា សាលាពុទ្ធិកបឋមសិក្សា «លី-ច័ន្ទដ្ឋា បាលីជ័យ» នេះជាសមិ្ធផលដែលមាតាបង្កើត របស់លោកស្រី គឺលោកយាយឧបាសិកា លី-ច័ន្ទដ្ឋា ព្រមទាំងបុត្រា-បុត្រី និងលោកស្រីផ្ទាល់ព្រម ទាំងក្រុមគ្រួសារ បានរួមគ្នាផ្តួចផ្តើម សាងសង់ ចាប់តាំងពីខែវិឆ្ឆិកា ឆ្នាំ២០១៥ ហើយសាងសង់បានរួចរាល់នៅខែមេសា ឆ្នាំ២០១៦  ដែលត្រូវបានប្រារព្ធពិធីបុណ្យឆ្លង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ នេះ ។

លោកស្រី បានបន្ដថា នេះ គឺជាការចូលរួមចំណែកក្នុងការកសាងអប់រំបណ្តុះបណ្តាលនៃវិស័យពុទ្ធិចក្រ ទន្ទឹមនឹងការខិតខំបច្ចុប្បន្ន របស់លោកស្រី ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលដែលជាផ្នែកមួយនៃវិស័យអាណាចក្រ។ ជាងនេះទៅទៀត សូមថ្លែងអំណរគុណ និងសូមបួងសួង ជូនកុសលផលបុណ្យដល់លោកអ្នក ដែលមានសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនាចូលរួមជាបច័្ចយក្នុងការកសាង ក៏ដូចជាកបុណ្យឆ្លងនៅថ្ងៃនេះ ដើម្បីបំពេញកិច្ចឆ្លង និងបន្ថែមនូវការខ្វះខាតមួយចំនួនក្នុងការសាងសង់នេះ ដើម្បីឱ្យព្រះសង្ឃអាច ចាប់ផ្តើមសិក្សា រៀនសូត្របានពីខែមិថុនា ឆ្នាំ២០១៦ នេះទៅ សូមបានប្រកបតែសុខភាពល្អ បរិបូរណ៍ បញ្ញាភ្លឺថ្លា ទទួលទានមានបាន ចម្រុងចម្រើនក្នុងក្រុមគ្រួសារគ្រប់ៗគ្នា ។
 
លោកស្រីបន្ថែមថា សូមអំណរគុណយ៉ាងជ្រាលជ្រៅ រកអ្វីកាត់ថ្លៃពុំបាន ចំពោះការយកចិត្តទុកដាក់សណ្តោសប្រណីយល់ដឹងពី សុខទុក្ខប្រជាជនពិតប្រាកដ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍដូចសព្វថ្ងៃ ប្រសិនបើមិនមានការខិតខំ លះបង់យកចិត្តទុក ដាក់របស់សម្តេចតេជោ ក៏ប្រទេសជាតិយើងមិនបានសុខសាន្ត មិនមានស្ថេរភាព និងមិនមានការអភិវឌ្ឍ ហើយយើងទាំងអស់គ្នា ក៏មិនអាចមានឱកាសក្នុងការ រកស៊ីទទួលទាន ក្នុងក្រុមគ្រួសារ និងចូលរួមចំណែក កសាងទាំងវិស័យពុទ្ធិចក្រ និងវិស័យអាណាចក្របានឡើយ ហើយក្នុងពេលថ្មីៗនេះទៀត ដោយទឹកចិត្តគិតគួរពីសុខទុក្ខ ប្រជាពលរដ្ឋទូទៅ។

ឆ្លៀតក្នុងឱកាសនេះ លោកស្រី ក៏បានផ្តល់ជាសារអប់រំសុខភាពជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស នូវចំណុចសំខាន់ៗក្នុងការ ការពារជំងឺ និងប្រុងប្រយ័ត្នពីបញ្ហាសុខភាព បណ្តាលមកពីការពុលចំណីអាហារ ដោយអនុវត្តនូវវិធានការសាមញ្ញៗនិងបញ្ហាសុខភាព ដែលបណ្តាលមក ពីការប្រែប្រួលអាកាសធាតុ ដែលក្រសួងសុខាភិបាលបានចេញ សេចក្តីប្រកាសរួចហើយ ព្រមទាំងអំពាវនាវ ឲ្យមានការចៀសវាង ការប្រព្រឹត្តគ្រឿងញៀន និងរួមគ្នាអនុវត្តន៍ឲ្យបានល្អនូវ ពាក្យស្លោករបស់ សម្តេចតេជោ «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរ» និងពេលបើកបរកុំពិសារគ្រឿងស្រវឹង ព្រមទាំងការចូលរួមមិនប្រើប្រាស់ថ្នាំជក់ ទាំងក្នុងថ្នាក់រៀនទាំងក្នុង ទីសាធារណៈ ទាំងក្នុងការិយាល័យធ្វើការ ទាំងក្នុងផ្ទះសំណាក់ ឫក្នុងសណ្ឋាគារ ជាដើម៕