(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ គណបក្សសង្រ្គោះជាតិ (CNRP) បានសម្រេចចេញលិខិតបណ្តេញសកម្មជនដ៏សកម្មរបស់ខ្លួនមួយរូប នៅសហរដ្ឋអាមេរិក ឈ្មោះ យ៉ង់ ណុយ ហៅ Brady Young (ឈ្មោះក្នុង Facebook) ចេញពីបក្ស បន្ទាប់ពីសកម្មជនរូបនោះ បានចោទប្រកាន់លោក ហ៊ុន ម៉ាណែត បុត្រាច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ថា ជាកូនរបស់មេដឹកនាំវៀតណាម ឡេ ឌឹក ថ។
ការលើកឡើងរបស់សកម្មជនរូបនេះ ត្រូវបានគេចាត់ទុកជាការប្រមាថដ៏ធ្ងន់ធ្ងរដល់កិត្តិយសមេដឹកនាំកម្ពុជា និងបានធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន មានប្រតិកម្មខ្លាំងៗកាលពីសប្តាហ៍កន្លងទៅនេះ។
យោងតាមសេចក្តីសម្រេច ដែលមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ទម្លាយឲ្យ Fresh News នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ គណបក្សសង្រ្គោះជាតិ បានសម្រេចបញ្ចប់សមាជិកភាពលោក យ៉ង់ ណុយ ហៅ Brady Young ពីសមាជិកគាំទ្រគណបក្សសង្រ្គោះជាតិ នៅទីក្រុងឡង់ប៊ិច រដ្ឋកាលីហ្វ័រនីញ៉ាងខាងត្បូង។ គណបក្សបានបញ្ជាក់ថា និរាករណ៍រាល់សេចក្តីសម្រេចទាំងឡាយ ដែលផ្ទុយពីសេចក្តីសម្រេចនេះ។
លោក យ៉ង់ ណុយ ហៅ Brady Young ដែលជាសមាជិក ដ៏សកម្មមួយរូបគណបក្សសង្រ្គោះជាតិ នៅទីក្រុងឡង់ប៊ិច រដ្ឋកាលីហ្វ័រនីញ៉ាងខាងត្បូង បានសរសេរនៅលើទំព័រ Facebook របស់ខ្លួន ដោយបានធ្វើការចោទប្រកាន់កូនប្រុសសម្តេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ថា ជាកូនរបស់មេដឹកនាំវៀតណាម ឡេ ដឹក ថ និងបានទាមទារឲ្យមានការពិនិត្យ DNA រវាងសម្តេចតេជោ ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ថែមទៀតផង។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងប្រតិកម្មយ៉ាងខ្លាំងៗ ចំពោះការលើកឡើងនេះ ដោយសម្តេចបានចាត់ទុកការលើកឡើងនេះ គឺជាការប្រមាថធ្ងន់ធ្ងរដល់ភរិយា និងកូនរបស់សម្តេច។ សម្តេចតេជោ ហ៊ុន សែន បានទាមទារឲ្យគណបក្សសង្រ្គោះជាតិ ត្រូវតែធ្វើការបំភ្លឺ និងបកស្រាយ ដ៏សមហេតុផលណាមួយ ដើម្បីជួសជុលកំហុសឆ្គងនេះ។ សម្តេចតេជោ ហ៊ុន សែន បានប្រឡូយទៀតថា បើគ្មានការបកស្រាយ និងបំភ្លឺសមរម្យណាមួយនោះទេ «កុំសង្ឃឹមខ្ចីដៃខ្ញុំ ចុះហត្ថលេខា ដើម្បីសុំការលើកឡើងទោសណាមួយ»។ ការលើកឡើងរបស់សម្តេច គេអាចដឹងថា សំដៅដល់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅក្រៅប្រទេស ដើម្បីគេចពីសំណាញ់ច្បាប់របស់កម្ពុជា។
ក្រោយប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ គណបក្សសង្រ្គោះជាតិ ដែលមានការចុះហត្ថលេខា ដោយផ្ទាល់ពីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិនេះ បានចេញលិខិតកាត់កាលលោក យ៉ង់ ណុយ ចេញពីបក្សតែម្តង។
អ្នកវិភាគមើលឃើញថា ការចេញលិខិតកាត់កាលសមាជិករបស់ខ្លួននៅអាមេរិកនេះ គឺលោក សម រង្ស៊ី និងក្រុមរបស់ខ្លួន បាននិងកំពុងសម្តែងល្ខោន ទី១៖ ញុះញង់ឲ្យសកម្មជនខ្លួនបង្កកំហឹង ជេរ និងរិះគន់ ដល់នាយករដ្ឋមន្រ្តីកម្ពុជា និង ទី២៖ ក្រុមលោកក៏តាំងដើរចូលសម្របសម្រួល និងធ្វើការលាងខ្លួន ដើម្បីសូមការអាណិតពីនាយករដ្ឋមន្រ្តី ក្នុងគោលបំណងបានរួចពីទោសទណ្ឌ និងទទួលបានការសម្របសម្រួលអ្វីមួយ។
ក្រុមអ្នកវិភាគនៅមើលឃើញទៀតថា លោក សម រង្ស៊ី ដើម្បីសម្រេចបានបំណងផ្ទាល់ខ្លួន លោកមិនខ្លាចនឹងចំណាយនោះឡើយ សូម្បីបេះដូងអ្នកគាំទ្រ ដ៏ស្ម័គ្រស្មោះរបស់លោក ក៏លោកកាត់កាលចោលដែរ៕