(ភ្នំពេញ)៖ តារាសម្តែងប្រុសរូបសង្ហា លោក ចន អេឡិចហ្សូរ៉ា កាលពីរាត្រីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ នេះ បានរៀបចំពិធីបែបលក្ខណៈមនុស្សធម៌ ដែលមានឈ្មោះថា« ចង្កៀងនៃក្តីសង្ឃឹមគេភ្លេចខ្ញុំហើយ» ជាផ្នែកមួយផ្តោតសំខាន់ លើការស្វែងរកដៃគូម្ចាស់ ជំនួយ ក៏ដូចជាសប្បុរជនព្រមទាំង អង្គការជាតិ និងអន្តរជាតិក្នុងការជួយកុមារកំព្រា នៅប្រទេសកម្ពុជា ពិសេសកុមារៗរស់នៅ មណ្ឌលភូមិសុខសាន្ត នាខេត្តតាកែវ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នាឱកាសរៀបចំពិធីខាងលើ តារាប្រុសលោក ចន អេឡិចហ្សូរ៉ា បាននិយាយប្រាប់ ពីគោលបំណង នៃពិធីនេះថា «កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងជីកកកាយនូវអ្វី ដែលគេហាក់បានបំភ្លេច និងមើលរំលងមួយចំនួនដូចជា កុមារកំព្រា ជនពិការ និង ក្មេងៗផ្ទុកមេរោគអេដស៍ ដែលភាគច្រើនពួកគាត់ អញ្ជើញមកពីមណ្ឌលភូមិសុខសាន្ត ខេត្តតាកែវ។ ម្យ៉ាងទៀតសម្រាប់គម្រោង នៃការរៀបចំកម្មវិធីនេះ គឺនៅមានច្រើនទៀត..!»។
លោក អេឡិចហ្សូរ៉ា បានបន្តថា «អ្វីដែលខ្ញុំបានរៀបចំធ្វើឡើង នៅពេលនេះជាផ្នែកមួយ ដើម្បីផ្សព្វផ្សាយ និងក្រើនរំឭកដល់ ប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា ឲ្យបានដឹងថា សព្វថ្ងៃមានក្មេងជាច្រើន ដែលពួកគាត់ត្រូវការឲ្យយើងជួយ និងចង់បានក្តីស្រឡាញ់ លើទឹកចិត្តដល់ពួកគាត់ ហើយកម្មវិធីដែលបានរៀបធ្វើនៅថ្ងៃនេះ ពុំមែនដើម្បីប្រមូលយកថវិកា ពីមហាជនដែលបានចូលរួមទស្សនា ការច្រៀង-សម្តែងនោះទេ តែក៏ជាការផ្សព្វផ្សាយ ស្វែងរកការចូលរួមសកម្មភាពមនុស្សធម៌ ជួយកុមារៗដែលកំពុងជួបការលំបាក ដោយពួកគាត់អាចចុះទៅជួបផ្ទាល់ខ្លួន តែម្ដង..!»។
តារាសម្តែងលោក ចន អេឡិចហ្សូរ៉ា បានបញ្ជាក់បន្ថែមថា សម្រាប់កម្មវិធីដែលមានឈ្មោះថា «ចង្កៀងនៃក្តីសង្ឃឹមគេភ្លេចខ្ញុំហើយ» គឺបានការផ្តូចផ្តើមគំនិតរៀបចំឡើង ដោយក្រុមប្រណម និងមានការសហការពីសំណាក់ក្រុមហ៊ុន GFX, vitalonga, សិល្បៈខ្មែរអមតៈ និងក្រុមយុវជនបេសកកកម្មសុឆ្ទៈខ្មែរ។ កម្មវិធីកាលពីយប់មិញ ក៏មានការសម្តែងរបាំ និងការច្រៀងពីសំណាក់ក្រុមកូនខ្មែរ Original Song និងតារាចម្រៀងប្រុស មកពីផលិតកម្មសាស្តាលោក សាន សេរីវុឌ្ឍ ផងដែរ៕