(ភ្នំពេញ)៖ លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងទទួលផែនព្រហ្មទណ្ឌ ខណ្ឌជ្រោយចង្វារ បានដឹកនាំកម្លាំងល្បាតរបស់ នគរបាលមូលដ្ឋានប៉ុស្ដិ៍ជ្រោយចង្វារ សហការជាមួយកម្លាំងនគរបាលខណ្ឌ បានស្ទាក់ផ្លូវក្របួចចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន៤នាក់ បន្ទាប់ពីមានការសង្ស័យ និងបានឆែកឆេររកឃើញថ្នាំញៀន ជាប្រភេទម៉ាទឹកកកចំនួន៥កញ្ចប់ ដែលជនទាំងនេះបានរក្សាទុកនឹងខ្លួន ដើម្បីប្រើប្រាស់រួមគ្នា ព្រមទាំងដកហូតម៉ូតូ២គ្រឿង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ មុខវត្តគៀនឃ្លាំង តាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
លោក ឯក សេរីវុធ អធិការរងខណ្ឌជ្រោយចង្វារបានឱ្យដឹងថា ជនគ្រឿងញៀនមានឈ្មោះ៖ ទី១ឈ្មោះ ធី ថុណា ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ ទី២ឈ្មោះ ធី សុខណេត ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរមិនពិតប្រាកដជនសង្ស័យ ទាំង២នាក់ខាងលើ ស្នាក់នៅភូមិស៊ីធរ ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ទី៣ឈ្មោះ គឿន ភាព ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរជាកសិករ ស្នាក់នៅភូមិព្រែកតាទែន ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងទី៤ឈ្មោះ អុន វណ្ណស៊ី ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរធ្វើចម្ការ ស្នាក់នៅសង្កាត់ផ្សារដើមគរ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា «ស្ទើររៀងរាល់ថ្ងៃ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌ និងប៉ុស្ដិ៍ជ្រោយចង្វារបានដើរល្បាត ពួនស្ទាក់ ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលកើតមានក្នុងមូលដ្ឋាន និងបង្ក្រាបបានជាញឹកញាប់នូវជនប្រើប្រាស់ ក៏ដូចជាជនជួញដូរគ្រឿងញៀន តាមបណ្ដោយផ្លូវជាតិលេខ៦A ខណៈយប់មិញនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានបើកប្រតិបត្តិការ ឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់បន្ថែមទៀត ហើយក្រោយមានការសង្ស័យ និងឃាត់ខ្លួនឆែកឆេររកឃើញ ថ្នាំញៀនម៉ាទឹកកក ចំនួន៥កញ្ចប់តូច ដែលជនទាំងនោះបានរក្សាទុកជក់ រួមគ្នាជាមួយបក្ខពួក និងបានដកហូតម៉ូតូ២គ្រឿងដែលជា មធ្យោបាយធ្វើដំណើរ របស់ជនសង្ស័យទាំង៤នាក់នេះ»។
ក្រោយការបង្ក្រាប់ កម្លាំងសមត្ថកិច្ច បានរបញ្ជូនខ្លួនជនសង្ស័យទាំង៤នាក់ខាងលើ រួមជាមួយវត្ថុតាង ទៅឃុំខ្លួនបណ្ដោះអាសន្ត ដើម្បីធ្វើការស្រាវជ្រាវបន្ត នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ និងដើម្បីរៀបចំចាត់ការតាមនីតិវិធីច្បាប់៕