(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិក សមាជិកា នៃរដ្ឋសភាទាំងអស់ សម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយបំផុត ចំពោះមរណភាព សន្តិបណ្ឌិត ឌុល គឿន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល។

តាមរយៈសារលិខិត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបង្ហាញក្តីសោកសង្រែងយ៉ាងដូច្នេះថា៖ «តាងនាម សមាជិក សមាជិកា នៃរដ្ឋសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់មានសេចក្តីរន្ធត់ក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុតដោយទទួលដំណឹងអំពីមរណភាពរបស់ឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ដែលត្រូវជាស្វាមីរបស់លោកជំទាវបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ ។

«យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសម្តែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្តាយអាឡោះអាល័យជាទីបំផុតជាមួយ លោកជំទាវ និងក្រុមគ្រួសារ នៃសពទាំងអស់ ដែលបានបាត់បង់ស្វាមី ឪពុក ឪពុកក្មេក និងជាជីតា ដែលជាទីគោរពស្រឡាញ់បំផុត»។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចាត់ទុក មរណភាពរបស់ សន្តិបណ្ឌិត ឌុល គឿន គឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ធនធាន និងបញ្ញា បម្រើប្រទេសជាតិ ហើយក៏សូមវាយតម្លៃខ្ពស់បំផុតចំពោះវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់លោកសន្តិបណ្ឌិត ដែលបានចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ មាតុភូមិគ្រប់កាលៈទេសៈពិសេសបានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ នាពេលកន្លងមក។

តាងនាមសមាជិក សមាជិកា នៃរដ្ឋសភា សូមបួងសួងឱ្យវិញ្ញាណក្ខន្ធឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ៕