(ពោធិ៍សាត់)៖ យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកក្រគរព័ទ្ធចាប់បានភ្លាមៗ ខណៈទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះ ប្តឹងទាមទារសំណង ចំនួន៧ពាន់ដុល្លារ និងសុំឲ្យចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីរំលោភបានសម្រេច។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចក្រោមដើមស្វាយចន្ទីរ ក្បែរអណ្ដូងទឹកខាងក្រោយផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា អន្ទិតជាជនសង្ស័យត្រូវបានឃាត់ខ្លួនមានឈ្មោះ ផាត់ វិរៈ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោកអធិការបានបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បន្ទាប់ពីទទួលពាក្យបណ្ដឹង ពីនារីរងគ្រោះ ឈ្មោះ ទ សភ អាយុ២០ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា។ នៅក្នុងពាក្យបណ្ដឹងនោះ នារីរងគ្រោះបានទាមទារសំណងជំងឺចិត្ត ជាសាច់ប្រាក់ ៧ពាន់ដុល្លារ និងបន្តអនុវត្តន៍តាមច្បាប់ផងដែរ។
លោកអធិការបានបន្តទៀតថា មុនពេលកើតហេតុ នារីរងគ្រោះបានដឹកគោ យកទៅឲ្យផឹកទឹកអណ្ដូងខាងក្រោយផ្ទះអន្ទិតរូបនោះ ដូចសព្វមួយដង គ្រានោះជនសង្ស័យបានទៅខ្ចីយោងដងទឹកងូត ពេលជនសង្ស័យងូតទឹករួច ក៏បានស្រែកហៅនារីរងគ្រោះ ឲ្យទៅយកយោងទឹកមកវិញ ពេលនោះស្រាប់តែជនសង្ស័យបានចាប់នាងរំលោភ បានសម្រេចតែម្តង។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងបំពេញសំណុំរុឿង ដើម្បីបញ្ជូនជនសង្ស័យ ទៅការិល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធី៕