(ភ្នំពេញ)៖ លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ លោកកំពុងតែបំពេញបេសកកម្មទៅតាមខេត្ត ហើយថា មន្រ្តីអង្គការលីកាដូ មិនបានចូលរួមនៅក្នុងយុទ្ធនាការ ស្លៀកខ្មៅនោះទេ។
យុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» ត្រូវបង្កើតឡើងដោយក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ក្នុងនោះមានទាំងសកម្មជនដីធ្លីផងដែរដើម្បី ទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក ៤នាក់ និងមន្រ្តីគ.ជ.ប ០១រូប ដែលត្រូវបានអង្គភាពប្រឆាំងអំពើ ពុករលួយឃាត់ខ្លួន ហើយត្រូវតុលាការឃុំខ្លួននាពេលថ្មីៗនេះ។
ទោះជាយ៉ាងនេះក្តី នៅថ្ងៃចន្ទសប្តាហ៍នេះ សកម្មជនដីធ្លីមួយចំនួនបានធ្វើយុទ្ធនាការនេះ ដោយលើកបដានៅក្បែររោងកុនចេនឡា ដើម្បីទាមទារឲ្យលែងមន្រ្តីសង្គមស៊ីវិល និងមន្រ្តីគ.ជ.ប ក្នុងនោះ មានសកម្មជនបឹងកក់៥នាក់ ត្រូវបានសមត្ថកិច្ចទួលគោកហៅទៅសួរនាំផងដែរ។
កាលពីថ្ងៃចន្ទសប្តាហ៍មុន ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លីទាំងនោះ បានបង្កើតយុទ្ធនាការម្តងរួចមកហើយ ទោះបីជា អាជ្ញាធរ បានហាមឃាត់ក៏ដោយ។ ខណៈដែលធ្វើយុទ្ធនាការនោះ សមត្ថកិច្ចខណ្ឌដង្កោ បាននាំខ្លួនមនុស្ស៨នាក់មកសួរនាំហើយ ក្រោយមក ក៏បានដោះលែងពួកគេវិញ បន្ទាប់ពីធ្វើកិច្ចសន្យាអប់រំ៕