(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី១៦ ខែឧសភានេះ បានអញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ និងផ្សព្វផ្សាយពីនីតិវិធី ឯកសារពាក់ពន្ធ័ ជូនប្រជាពលរដ្ឋ១៥០គ្រួសារ ក្នុងណោម៣៨៤គ្រួសារ មកពីភូមិដើមគរ និងព្រែកតាសេក ក្នុងសង្កាត់ព្រែកតាសេក ដើម្បីឲ្យពួកគាត់ត្រៀមលក្ខណៈឲ្យរួចរាល់សម្រាប់ ការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ នៅដែលអាជ្ញាធរ និងមន្ត្រីសូរិយោដី ចុះវាយវែងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ។
ការចុះផ្សព្វផ្សាយនេះ ធ្វើឡើងបន្ទាប់ពី លោកអភិបាលខណ្ឌជ្រោយចង្វារ ចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការចុះប្រមូលទិន្នន័យ វាស់វែងបំពេញសលាកប័ត្រក្បាលដី ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋភូមិចាស់ និងទីតាំងដីស្ថិតនៅក្នុងបរិវេណ១០០ម៉ែត្រ ពីអ័ក្សផ្លូវជាតិលេខ៦ ព្រមទាំងផ្លូវទន្លេសាប។
ប្រជាពលរដ្ឋដែលត្រូវវាស់វែងដីធ្លីខ្វៀល ចេញពីតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ មាន៣សង្កាត់ គឺសង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកលៀប និងសង្កាត់ព្រែកតាសែក។ ការវាយវែងជំហ៊ានដំបូង គឺចាប់ផ្តើមអនុវត្ត នៅសង្កាត់ព្រែកតាសេកមុនគេ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦តទៅ។
នៅព្រឹកនេះ លោក ឃ្លាំង ហួត បានសំណេះសំណាល និងប្រាប់ឲ្យប្រជាពលរដ្ឋចំនួន ១៥០គ្រួសារ ក្នុងចំណោម៣៨៤គ្រួសារ នៅសង្កាត់ព្រែកតាសេក ដែលត្រូវខ្វៀលដីចេញពីតំបន់អភិវឌ្ឍន៍ ដើម្បីឲ្យពួកគាត់ត្រៀមលក្ខណៈឲ្យបានរួចរាល់ ទាំងសំណុះឯកសារ និងពេលវេលា ដើម្បីចូលរួមក្នុងការវាស់វែង ទទួលយកប័ណ្ណកម្មសិទ្ធិដីធ្លី ស្របច្បាប់។
ក្នុងបរិយាកាសដ៏ស្និតស្នាលរវាងអាជ្ញាធរខណ្ឌ និងប្រជាពលរដ្ឋនៅព្រឹកនេះ លោក ឃ្លាំង ហួត បានថ្លែងទៅកាន់ប្រជាពលរដ្ឋ អំពីការយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយតែងតែគិតគូរដល់ផលប្រយោជន៍របស់ប្រជាជនជានិច្ច។ ជាក់ស្តែងការគិតគូរផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ស្របច្បាប់នេះជាដើម។
ក្នុងទឹកមុខរីករាយប្រជាពលរដ្ឋទាំងអស់ បានសម្តែងនូវក្តីសប្បាយចិត្ត នៅពេលដែលអាជ្ញាធររៀបចំវាសវែង ផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ហើយសង្ឃឹម និងជឿជាក់លើរាជរដ្ឋាភិបាល យ៉ាងពិតប្រាកដ៕