(ភ្នំពេញ)៖ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោក តុ វ៉ាន់ចាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលកណ្ដាល ឲ្យចូលបំភ្លឺនៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៦ ខែឧសភា រីឯ លោក ពិន រតនា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលបាត់ដំបង ឲ្យចូលបំភ្លឺនៅវេលាម៉ោង៤៖៣០នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ក្នុងនាមជាជនសង្ស័យ ពាក់ព័ន្ធករណីអំពើពេស្យាចារ ដែលមានកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ជាជនរងគ្រោះ។
តាមការជាក់ស្តែងនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី១៦ ខែឧសភា នេះ លោក តុ វ៉ាន់ចាន់ មិនបានមកបង្ហាញខ្លួន តាមការហៅរបស់ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ ពាក់ព័ន្ធអំពើពេស្យាចារ លើករណីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ជាជនរងគ្រោះ។
ចំណែកលោក ពិន រតនា មិនទាន់មានព័ត៌មានបញ្ជាក់ថា លោកចូល ឬមិនចូលមកនោះទេ។ ប៉ុន្តែកាលពីពេលកន្លងទៅ គណបក្សសង្គ្រោះជាតិ សម្រេចថា មិនអនុញ្ញាតឲ្យតំណាងរាស្ត្រទាំងពីររូប ចូលបំភ្លឺនោះទេ ដោយចាត់ទុកថា មិនត្រឹមត្រូវ ព្រោះពួកគេមានអភ័យឯកសិទ្ធិ។
សូមជំរាបថា ការចេញដីកាកោះហៅតំណាងរាស្រ្តទាំងពីរនេះ ធ្វើឡើងបន្ទាប់ពីកាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦កន្លងទៅ កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ផ្តល់ចម្លើយសារភាពជូនព្រះរាជ្ញារង សៀង សុខ ដោយបានលើកឡើងថា នៅក្នុងពេលមានទំនាក់ទំនងជាមួយលោក កឹម សុខា នោះ នាងបានទៅលេង ទីក្រុងបាងកក ជាមួយលោក កឹម សុខា ចំនួន២ដង ដោយលើកទី១ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥, លោក កឹម សុខា លោមលួងឲ្យលុយ ចំនួន៣០០០ដុល្លារ និងសន្យារកទិញផ្ទះមួយនៅកន្លែងស្ងាត់ងាយស្រួលចេញចូល។ ពេលទៅដល់ទីក្រុងបាងកកនោះ លោក តុប វ៉ាន់ចាន់ ដែលជាអ្នកជូននាងទៅតាមបញ្ជារបស់លោក កឹម សុខា បាននាំនាងទៅស្នាក់នៅសណ្ឋាគារ សិនធឺភាញ់ (មិនចាំលេខបន្ទប់) ហើយត្រឡប់មកភ្នំពេញវិញ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥។
ដោយឡែកពេលទៅទីក្រុងបាងកក ជាមួយលោក កឹម សុខា លើកទី២ គឺចាប់ពីថ្ងៃទី០១ ទី០២ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦។ កញ្ញា ស្រីមុំ បានបញ្ជាក់អះអាងថា នាងបានចេញទៅជាមួយឈ្មោះ ពិន រតនា ដោយមានការប្រាប់ពីលោក កឹម សុខា ឲ្យនាងទំនាក់ទំនងជាមួយគាត់ពេល ទៅដល់ប្រទេសថៃ។ នាងបានស្នាក់នៅសណ្ឋាគារ សិនធឺភាញ់ ជាមួយបន្ទប់លោក កឹម សុខា ដោយលោក កឹម សុខា បានរង់ចាំនាងនៅក្នុង បន្ទប់មុន៕