(អាមេរិក)៖ ឆ្លៀតក្នុងឱកាសអមដំណើរ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជ៉ំកំពូលអាស៊ាន-អាមេរិក អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២២ បានជួបពិភាក្សាការងារធុរកិច្ចជាមួយលោក ចន ហ្កូយយើ នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់សភាពាណិជ្ជកម្មអាមេរិក នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២២ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

កិច្ចពិភាក្សាបានផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មទាំងពីរ និងការជំរុញធុរកិច្ច និងវិនិយោគរវាងអាមេរិក និងកម្ពុជា អោយកាន់តែមានការរីកចំរើន។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២២បានជម្រាបជូន លោក ចន ហ្កូយយើ អំពីការបំពេញទស្សនកិច្ចធុរកិច្ចរបស់សភាពាណិជ្ជកម្មកម្ពុជា មកកាន់សហរដ្ឋអាមេរិក និងជំនួបពាណិជ្ជកម្មជាមួយក្រុមហ៊ុនអាមេរិក។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២២បានសង្កត់ធ្ងន់ថា សភាពាណិជ្ជកម្មកម្ពុជា រីករាយក្នុងការសហការជាមួយសភាពាណិជ្ជកម្មអាមេរិក ដើម្បីជំរុញទំនាក់ទំនងធុរកិច្ច និងវិនិយោគរបស់ប្រទេសទាំងពីរ។ អ្នកឧកញ៉ាបន្តថា ឆ្នាំ២០២២ នេះ គឺជាឆ្នាំដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ជាពិសេសគឺការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន អាមេរិច ដែលប្រព្រឹត្តទៅនៅសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន ដែលស្តែងឲ្យឃើញពីនិមិត្តរូប នៃទំនាក់ទំនងល្អជាប្រវត្តិសាស្ត្រ។

ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង ស្នើដល់សភាពាណិជ្ជកម្មអាមេរិក ពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មទាំងពីរ ,អញ្ជើញសភាពាណិជ្ជកម្មអាមេរិករៀបចំទស្សនកិច្ចធុរកិច្ចជាទៀងទាត់ទៅកាន់កម្ពុជា និងពីកម្ពុជាទៅអាមេរិក ។ អ្នកឧកញ៉ា គិត ម៉េង ស្នើដល់សភាពាណិជ្ជកម្មអាមេរិកសហការ និង គាំទ្រ ដល់ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន ដែលប្រពឹត្តទៅនាខែវិច្ឆិកាខាងមុខ។

បន្ថែមលើនេះ អ្នកឧកញ៉ា គិត ម៉េង បានស្នើឲ្យមានសកម្មភាពរួមគ្នារវាងសភាពាណិជ្ជកម្មទាំងពីរ ដើម្បីជំរុញធុរកិច្ចនិងវិនិយោគប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ និងមានកំណើនជាងមុន។ អ្នកឧកញ៉ា បានអញ្ជើញគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក ទៅបំពេញទស្សនកិច្ចនៅកម្ពុជា និងលើកទឹកចិត្តឲ្យក្រុមហ៊ុនអាមេរិកបង្កើតរោងចក្រនៅកម្ពុជា ដែលអាចនាំចេញផលិតផលទៅកាន់ទៅផ្សារពិភពលោក ឬទីផ្សារអាមេរិក ក្នុងអត្រាពន្ធទាប ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគី។

លោក ចន ហ្កូយយើ មានប្រសាសន៍ស្វាគមន៍ចំពោះការលើកឡើងរបស់អ្នកឧកញ៉ា គិត ម៉េង និងបានបញ្ជាក់ថា អាមេរិក មានបំណងធ្វើពិពិធកម្មការផលិតរបស់ខ្លួននៅក្នុងបណ្តារប្រទេសអាស៊ាន ហើយកម្ពុជា គឺជាគោលដៅដ៏សំខាន់មួយ មិនត្រឹមតែថ្លៃដើមទាបទេ ថែមទាំងគុណភាពខ្ពស់ទៀត។

លោកបានបន្តថា ហេតុនេះ រោងចក្រសហគ្រាសកម្ពុជា គួរពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីអាចតភ្ជាប់ទៅក្នុងខ្សែច្រវាក់តម្លៃបន្ថែមខ្ពស់ ។ សភាពាណិជ្ជកម្មអាមេរិក នឹងពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់ជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីចូលរួមជំរុញទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ៕