(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅវេលាម៉ោង៩៖៣០នាទីយប់ថ្ងៃទី១៦ ខែឧសភានេះ នឹងចាកចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងមូស្គូ រដ្ឋធានីនៃសហពន្ធ័រុស្ស៊ី។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ច ដើម្បីពង្រឹងចំណងទាក់ទងរវាងប្រទេសទាំង២ផង និងចូលរួមប្រជុំកិច្ចប្រជុំកំពូលរំលឹកខួប២០ឆ្នាំ នៃទំនាក់ទំនងរវាងអាស៊ាននិង រុស្ស៊ីផង។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនៅលើ Facebook យ៉ាងដូច្នេះថា៖ «ម៉ោង៩៖៣០នាទីយប់នេះ ខ្ញុំនិងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នឹងចាកចេញពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ទីក្រុងមូស្គូ រដ្ឋធានីនៃសហពន្ធ័រុស្ស៊ី។ នេះជាដំណើរទស្សនកិច្ចដើម្បីពង្រឹងចំណងទាក់ទង រវាងប្រទេសទាំង២ផង និងចូលរួមប្រជុំកិច្ចប្រជុំកំពូលរំលឹកខួប២០ឆ្នាំ នៃទំនាក់ទំនងរវាងអាស៊ាននិងរុស្ស៊ីផង។ សូមគោរពលាបងប្អូនជនរួមជាតិមួយរយៈពេលខ្លី ដើម្បីបំពេញបេសកកម្មខាងការទូតដែលជាផលប្រយោជន៍របស់ជាតិយើង»។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-រុស្ស៊ី នៅទីក្រុងម៉ូស្គូ និងទីក្រុងសូឈី ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦។
នៅក្នុងអំឡុងពេលទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាការងារជាមួយ លោក ប្រធានាធិបតី វ្លាឌីមៀរ ពូទីន និងជួបចរចាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តី រុស្ស៊ីផងដែរ។ ទន្ទឹមនឹងនោះមានឯកសារសំខាន់ៗមួយចំនួន នឹងត្រូវចុះហត្ថលេខា ដើម្បីពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ី។
គណៈប្រតិភូអមដំណើររួមមាន៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាជិករាជរដ្ឋាភិបាលកម្ពុជាដទៃទៀត៕