(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦នេះ បានបន្តអំពាវនាវ ឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមទាំងសប្បុរសជនបន្តជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងត្រូវការទឹក បើទោះមានភ្លៀងធ្លាក់នៅតំបន់មួយចំនួន ក៏ដោយ ប៉ុន្តែនៅមិនទាន់គ្រប់តាមតម្រូវរបស់ប្រជាពលរដ្ឋប្រើបា្រស់នៅឡើយ។
សម្តេចតេជោ ហ៊ុន សែន បានធ្វើការបន្តអំពាវនាវនៅលើ Facebook ផ្លូវការរបស់សម្តេចនៅយប់ថ្ងៃអាទិត្យនេះថា «នៅតាមតំបន់មួយចំនួន មានភ្លៀងធ្លាក់ជាបណ្តើរៗហើយ តែនៅមិនទាន់គ្រប់តាមតម្រូវការរបស់ប្រជាពលរដ្ឋប្រើប្រាស់នៅឡើយ។ សូមអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ឋទាំងអស់ រួមទាំងសប្បុរសជនបន្តជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងត្រូវការទឹក។ បើតាមការព្យាករណ៍អាកាសធាតុឃើញថា នឹងវិវត្តមករកភាពល្អប្រសើរជាធម្មតាវិញនៅពេលខាងមុខ រវាងចាប់ពីថ្ងៃទី ១៦-២៦ ខែ ឧសភានេះ។ តែសូមបងប្អូនប្រជាពលរដ្ឋត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់ចំពោះខ្យល់កនន្ត្រាក់ ផ្គរនិងរន្ទះ។
ជាថ្មីម្តងទៀត ខ្ញុំសូមអាជ្ញាធរយកចិត្តទុកដាក់ជួយជួសជុលលំនៅដ្ឋានបងប្អូនដែលបានដួលរលំដោយខ្យល់កន្រ្តាក់ និងសូមផ្តល់ជំនួយសង្រ្គោះ បន្ទាន់ចាំបាច់នានា រួមទាំងថ្នាំពេទ្យជូនដល់បងប្អូនយើងឲ្យបានទាន់សភាពការណ៍។ ខ្ញុំសូមអរគុណសប្បុរសជនទាំងអស់ដែលកំពុង បន្តជួយចែកចាយទឹក ព្រមទាំងជីក និងស្តារអណ្តូង ប្រឡាយ បឹង ដើម្បីស្តុកទឹកសម្រាប់ប្រើប្រាស់ដល់ប្រជាពលរដ្ឋទាំងសម្រាប់ពេលនេះ និងសម្រាប់នៅពេលឆ្នាំក្រោយៗជាបន្តទៀត៕