(បាត់ដំបង)៖ គ្រាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ខិតជិតម កដល់ ចលនាចាកចេញរបស់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សភ្លើងទៀន បានសម្រេចផ្លាស់ប្តូរជំហរនយោបាយដើរចេញពីបក្សប្រឆាំងមួយនេះ មកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់។

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ បេក្ខភាពក្រុមប្រឹក្សាឃុំរបស់គណបក្សភ្លើងទៀន ៧នាក់ នៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង បានសម្រេចចាកចេញពីគណបក្សភ្លើងទៀ ន ហើយចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ ក្រៅតែពីបេក្ខភាពក្រុមប្រឹក្សាឃុំទាំង៧រូបហើយនោះ ថ្នាក់ដឹកនាំ និងសកម្មជនរបស់បក្សភ្លើងទៀន ១៤៥នាក់ផ្សេងទៀត ក៏បានសម្រេចដើរចេញពីបក្សភ្លើងទៀន មកចូលរួមធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។

ក្រុមការងាររបស់លោកគ្រូមារ លី សាម៉េត ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានឆ្លៀតជួបសំណេះសំណាល និងស្វាគមន៍ចំពោះវត្តមានរបស់បេក្ខភាពក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំ និងសកម្មជនរបស់បក្សភ្លើងទៀនប្រមាណ ១៥២រូបនេះ។

លោក យូ សិរីវុឌ្ឍ តំណាងអ្នកឧកញ៉ា លី សាម៉េត ប្រកាសស្វាគមន៍ប្រកបដោយក្តីរីករាយចំពោះវត្តមានបេក្ខភាពក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំ និងសកម្មជនបក្សភ្លើងទៀន ក្នុងស្រុកថ្មគោល។

លោក យូ សិរីវុឌ្ឍ បានចាត់ទុកការសម្រេចចិត្តរបស់បេក្ខជន ថ្នាក់ដឹកនាំ និងសកម្មជនបក្សភ្លើងទៀននេះ គឺជាការសម្រេចប្រកបដោយភាពត្រឹមត្រូវបំផុត ដើម្បីចូលរួមធ្វើសកម្មភាពបម្រើជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសចូលរួមធ្វើសកម្មភាពឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

លោក វណ្ណ ឌី សកម្មជនគណបក្សភ្លើងទៀន នៅក្នុងស្រុកថ្មគោល បានអះអាងថា ការដែលខ្លួនសម្រេចចិត្តដើរចេញពីគណបក្សភ្លើងទៀន មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែរូបលោក បានមើលឃើញថា គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជាគណបក្សបានប្រឹងប្រែងក្នុងការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជាឱ្យរីកចម្រើន ហើយជួយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ៕