(អេហ្ស៊ីប)៖ តុលាការមួយរបស់ប្រទេសអេហ្ស៊ីប បានកាត់ទោសអ្នកតវ៉ាចំនួន ១៥២នាក់ ដាក់ពន្ធនាគារពីចន្លោះពីរ ទៅប្រាំឆ្នាំ បន្ទាប់ពីពួកគេបានប្រមូលផ្តុំគ្នា តវ៉ាចំពោះសេចក្តីសម្រេច របស់រដ្ឋាភិបាល ក្នុងការលក់កោះចំនួនពីរ នៅក្នុងសមុទ្រក្រហមទៅឲ្យប្រទេស អារ៉ាប៊ី សាអូឌីត។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយ Channel News Asia នៅរសៀលថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា ប៉ូលិសរាប់រយនាក់ត្រូវបានដាក់ពង្រាយនៅភាគកណ្តាល ទីក្រុងគែរកាលពីថ្ងៃទី២៥ ខែមេសា ដើម្បីបង្ក្រាបការតវ៉ា ប្រឆាំងចំពោះសេចក្តីសម្រេចរបស់ប្រធានាធិបតីអេហ្ស៊ីបលោក អាប់ឌែល ហ្វាតតា អាល់ស៊ីស៊ី ក្នុងការលក់កោះ Tiran និង Sanafir ទៅឲ្យប្រទេស អារ៉ាប៊ី សាអូឌីត ដើម្បីយកលុយមកកសាងទីក្រុងរដ្ឋបាលថ្មី នៅក្បែរទីក្រុងគែរបច្ចុប្បន្ន។
ពីដំបូងឡើយមនុស្សជាង ២០០នាក់ឯណោះត្រូវបានចាប់ខ្លួន ហើយបានទទួលការចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងការតវ៉ាខាងលើនេះ។ ក្នុងចំណោមទណ្ឌិតទាំង ១៥២នាក់នោះ គឺ ១០១នាក់ ត្រូវជាប់ពន្ធនាគាររយៈពេល ប្រាំងឆ្នាំ និង ៥១នាក់ទៀតជាប់ពីរឆ្នាំ។ ពួកគេត្រូវបានរងចោទប្រកាន់ ទៅលើបទរំលោភបំពានបម្រាមហាមធ្វើការតវ៉ានានា ដែលចេញដោយក្រសួងមហាផ្ទៃ៕