(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦នេះ កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» បានប្រគល់រង្វាន់ និងប័ណ្ណសរសើរដល់បេក្ខជនបេក្ខនារី ទទួលជ័យលាភីទាំង១០រូប នៅវិមានសន្តិភាព ដែលកម្មវិធីនេះមានការចូលរួមពីបេក្ខជន បេក្ខនារី អណាព្យាបាល និងមិត្តភក្តិបងប្អូនជាង ១០០ នាក់។
ខ្ញុំជាយុវជនគំរូកម្ពុជា គឺជាកម្មវិធីពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតឡើងក្នុងគោលបំណង លើកទឹកចិត្ត និងគាំទ្រប្រជាពលរដ្ឋ ជាពិសេសយុវជន ដើម្បីជំរុញការកសាងអំពើល្អនៅក្នុងសង្គម និងចៀសឆ្ងាយពីគ្រឿងញឿន និងល្បែងអបាយមុខផ្សេងៗ ម្យ៉ាងវិញទៀតកម្មវិធីនេះ បានផ្តល់ឱកាសអោយប្រជាពលរដ្ឋ និងយុវជចេះនចែករំលែកទេព្យកោសល្យ ទ្រព្យធន និងស្នាដៃគំរូល្អៗដែលខ្លួនមានដល់យុវជនដ៏ទៃទៀតៗក្នុងសង្គម។
លោក ដួង តារា អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្តី បានមានប្រសាសន៍ថា បានកោតសរសើរយុវជន ដែលបានចូលរួមប្រកួតប្រជែងកសាង អំពើល្អ ក្នុងការចូលរួមកសាងសង្គមជាតិ។ ពេលនេះយើងមានយុវជន១០នាក់ ដែលជាយុវជនគំរូ ដែលនឹងបន្តការសាបព្រោះសកម្មភាពនៃអំពើល្អដល់យុវជនដទៃទៀត នៅទូទាំងប្រទេស។
លោក ដួង តារា ក៏បានបញ្ជាក់ផងដែរថា Facebook សម្តេចតេជោនឹងរៀបចំ Studio ដើម្បីបង្កើតកម្មវិធីជាមួយយុវជនគំរូ ឲ្យបានច្រើនថែមទៀតដូចជា សកម្មភាពយុវជនគំរូ និងមនុស្សធម៌ ព្រមទាំងកម្មវិធីជួបសំភាសន៌ជាមួយមន្រ្តីរាជរដ្ឋាភិបាលក្នុងការជំរុញសេវា សាធារណៈអោយកាន់តែមានប្រសិទ្ឋិភាពខ្ពស់ស្របតាមអនុសាសន៌ និងសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោក ដួង តារា បានថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានរៀបចំកម្មវិធីដ៏មានសារៈសំខាន់បំផុតនេះដល់យុវជន និងបានថ្លែងអំណរគុណ សប្បុរសជនទាំងអស់ រួមមានអាណាព្យាបាលដែលបានអប់រំ កូនចៅឲ្យដើរលើផ្លូវល្អត្រឹមត្រូវរហូតទទួលបានជោគជ័យមកទល់ថ្ងៃនេះ។
សំរាប់ជ័យលាភី ដែលផ្តល់ជូននាពេលនេះមានរួមមាន បេក្ខជន Top-1 ឃឹម ច័ន្ទសុវិរៈ ទទួលបានរង្វាន់ iPhone 6 មួយគ្រឿង សំលៀកបំពាក់កីឡា១កំប៉្លេ ថវិកា ២៤ម៉ឺនរៀល ប័ណ្ណសរសើរសម្តេចតេជោនាយករដ្ឋមន្រ្តី១ និងសំរាប់បេក្ខជនជាប់ Top-10 ទាំង៩ នាក់គឺបានទទួលបានសំលៀកបំពាក់កីឡា១កំប៉្លេ ថវិកា ២៤ម៉ឺនរៀល និងប័ណ្ណសរសើរសម្តេចតេជោនាយករដ្ឋមន្រ្តី១ផងដែរ ។
បន្ទាប់ពីចែករង្វាន់ជ័យលាភី រួចមក បេក្ខជន បេក្ខនារី ក៏បានថតរូបអនុស្សាវរីយ៍ ជាមួយក្រុមគ្រួសារ ឪពុកម្តាយ បងប្អូន មិត្តភ័ក្តិ មិត្តរួមសាលា គ្រូបង្រៀន និងបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន និងបន្តដើរទស្សនាវិមានរាជរដ្ឋាភិបាលជាមួយទឹកមុខរីករាយ ប្រកបដោយមោទនៈភាពបំផុត៕