(អវកាស)៖ ភព Gliese 581b ត្រូវបានរកឃើញដោយក្រុមអ្នកវិទ្យាសាស្ត្រ កាលពីឆ្នាំ២០០៧ ហើយចាប់ពីពេលនោះ គេបានសិក្សាអ្វីៗជាច្រើនពីភពនេះ ទើបអាចសន្មត់ថា វាមានលក្ខណៈ ច្រើនណាស់ដែលស្រដៀងនឹងភពផែនដី។ តើលក្ខណៈស្រដៀងនោះ មានអ្វីខ្លះទៅ?
Gliese 581b មានទំហំធំជាងផែនដី០៧ដង ហើយព្រះអាទិត្យរបស់វាមានទំហំតូច ប៉ុន្តែភ្លឺជាង ព្រះអាទិត្យរបស់ផែនដីយើងបន្តិច។ បន្ថែមពីនេះទៀត គម្លាតរវាងភព និង ព្រះអាទិត្យរបស់វា ក៏ស្រដៀងនឹងផែនដីទៀត ដែលជាហេតុនាំឲ្យអ្នកវិទ្យាសាស្ត្រអាចសន្និដ្ឋានបានថា វាទំនងជា មានទឹកលើផ្ទៃភពគ្របដណ្តប់ដោយបរិយាកាស ដែលជារឿងអំណោយផលសម្រាប់ជីវិត។
វាមានចម្ងាយជាង ២០ឆ្នាំពន្លឺពីភពផែនដី (មួយឆ្នាំពន្លឺស្មើនឹង ៩,៥ ពាន់ពាន់លានគីឡូម៉ែត្រ) ដែលអ្នកវិទ្យាសាស្ត្រស្ទើរតែមិនហ៊ានស្រមៃថា ថ្ងៃណាមួយ មនុស្សនឹងអាចធ្វើដំណើរ ទៅឃើញភពដ៏ឆ្ងាយសែនឆ្ងាយនោះឡើយ ក៏ប៉ុន្តែគម្រោងនៃការសិក្សាស្រាវជ្រាវនៅតែបន្ត ព្រោះ Gliese 581b ហាក់ជាក្តីសង្ឃឹមប្រសើរជាងទីណាៗទាំងអស់។
គួរបញ្ជាក់ថា គ្រាន់តែយាន News Horizons ធ្វើដំណើរទៅកាន់ភពភ្លុយតូ ដែលមានចម្ងាយជាង ៩ពាន់លាន គីឡូម៉ែត្រពីផែនដីនោះ ត្រូវចំណាយជាង ៩ឆ្នាំទៅហើយ ចុះទម្រាំភព Gliese 581b ដែលចម្ងាយជាង ២០ឆ្នាំពន្លឺពីផែនដីនោះ វាប្រាកដជាត្រូវចំណាយពេលជាង ៣០ពាន់ឆ្នាំ។ ប៉ុន្តែយើងអាចទាញពេលវេលា ធ្វើដំណើរទៅភពនោះឲ្យមកនៅ ៧៣ឆ្នាំប៉ុណ្ណោះ ប្រសិនបើមនុស្ស អាចផលិតយានណា ដែលមានសមត្ថភាពអស្ចារ្យ អាចហោះស្មើនឹងល្បឿនពន្លឺបាន។
ចង់ស្វែងយល់កាន់តែច្បាស់ពី Gliese 581b សូមទស្សនាវីដេអូ ជាភាសាខ្មែរខាងក្រោមនេះ៖
រៀបរៀងដោយ៖ លោក ឥន្ទ វុត្ថា